ឯកឧត្តម នេត្រ ភក្ត្រា បានអញ្ជើញចូលរួមវេទិកាពិភាក្សាជាមួយប្អូនៗយុវជនប្រមាណ ២០០នាក់មកពីសាកលវិទ្យាល័យនានានៅ ក្នុងរាជធានីភ្នំពេញ


នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមវេទិកាពិភាក្សាជាមួយប្អូនៗយុវជនប្រមាណ ២០០នាក់មកពីសាកលវិទ្យាល័យនានានៅ ក្នុងរាជធានីភ្នំពេញដើម្បីជជែកទាក់ទងនឹងការរួមគ្នាទប់ស្កាត់ការបំពុលដោយប្លាស្ទិក។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បញ្ហាសំណល់ប្លាស្ទិកគឺជាក្តីកង្វល់រួមរបស់ពិភពលោក ហើយដែលចាំបាច់ត្រូវរួមគ្នាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក។

យោងតាមរបាយការណ៍ ចាប់តាំងពីបង្កើតដំបូងរហូតមកទល់ នឹងឆ្នាំ ២០១៤ ប្លាស្ទិកចំនួន ៨,៣ ប៊ីលានតោនត្រូវបានផលិតដែលក្នុងនោះមួយឆ្នាំៗ មានការផលិត ប្លាស្ទិកចំនួន ៤០០ លានតោន ហើយក្នុងនោះមានតែ ៩%ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ ឯកឧត្តមបានបញ្ជាក់ថាដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យគ្រប់គ្រងថង់ប្លាស្ទិក រួមនឹងលិខិតបទដ្ឋានផ្សេងទៀត ព្រមទាំងដាក់ចុះនូវផែនការយុទ្ធសាស្ត្រ ផ្សេងៗទៀត។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់សាធារណជនចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលពីប្លាស្ទិក ឬអាចប្រើប្រាស់របស់របរមកជំនួស។