ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ អរគុណសមាជិកគណបក្សប្រជាជនទាំងអស់ ដែលបម្រើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់


(រតនគិរី)៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ចើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រុងបានលុង ខេត្តរតនគិរី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បាននាំសេចក្តីផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រជាគណបក្សប្រជាជនកម្ពុជា ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ក្នុងខេត្តរតនគិរី ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះសមាជិកបក្សទាំងអស់ ដែលបានប្រឹងប្រែង បម្រើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ និងទទួលបាននូវលទ្ធផលបានយ៉ាងល្អប្រសើរ ជូនគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម លី ធុជ បានលើកឡើងអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការធានា នៃការគ្រប់គ្រងប្រទេសជាតិ ដោយបានណែនាំឲ្យសមាជិកគណបក្សទាំងអស់ ត្រូវរៀបចំសមាជិកភាព និងបច្ចុប្បន្នភាពសមាជិកបក្សឲ្យបានត្រឹមត្រូវច្បាស់លាស់ និងត្រូវមានសាមគ្គីផ្ទៃក្នុង ដោយត្រូវយកប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ បានជំរុញឲ្យមន្រ្តីរាជការ និងសមាជិកបក្ស ត្រូវបន្តកសាងភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋជាប្រចាំ និងផ្តល់ទំនុកចិត្ត ដល់ប្រជាពលរដ្ឋ ដោយត្រូវចោទសួរខ្លួនឯងថា ហេតុអី្វចង់ធ្វើជាមន្រ្តីបក្ស ឬមន្រ្តីរាជការ? ត្រូវក្លាយជាមន្រ្តីបែបណា?។ ដើម្បីកសាងភាពស្និទ្ធស្នាល រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវមានទំនាក់ទំនងល្អចំនួនពីររួមមាន៖ ទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងទំនាក់ទំនងស្អាតស្អំ មានសីលធម៌ គុណធម៌ និងភាពថ្លៃថ្នូរ។

ឯកឧត្តម លី ធុជ បានបញ្ជាក់បន្ថែមថា មន្រ្តីរាជការ និងសមាជិកបក្ស ត្រូវបន្តផ្តល់នូវសេចក្តីស្រឡាញ់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ព្រមទាំងទាញការគោរពស្រឡាញ់ និងគាំទ្រពីប្រជាពលរដ្ឋ។ យើងទាំងអស់គ្នា ត្រូវបំពេញការងារឲ្យបានល្អ ដោយត្រូវអនុវត្តន៍ដូចខាងក្រោម៖

*ត្រូវយល់ឲ្យបានច្បាស់ពីសភាពការណ៍ទូទៅ យល់ឲ្យបានឆ្ងាយ និងមើលឲ្យទូលំទូលាយ ទាំងការងារនយោបាយ និងសេដ្ឋកិច្ច-សង្គម
*ត្រូវពិនិត្យមើលឲ្យបានលម្អិត និងផ្តោតសកម្មភាពរបស់យើងឲ្យចំគោលដៅ
*ត្រូវបន្តពង្រឹងចំណេះដឹង និងបទពិសោធន៍របស់យើង ត្រូវស្គាល់ប្រជាពលរដ្ឋឲ្យច្បាស់
*ត្រូបន្តពង្រឹងនូវមនោគមវិជ្ជារបស់គណបក្សយើងជាមួយយុវជន
*ត្រូវមានគោលការណ៍ត្រឹមត្រូវ និងការលះបង់ឲ្យបានច្បាស់លាស់ ក្នុងបំពេញការងារឲ្យបានល្អ
*ត្រូវមានគុណធម៌ល្អ និងត្រូវរក្សាវាជាប្រចាំ
*ត្រូវមានមនសិការ និងភាពយុត្តិធម៌ ដើម្បីផ្តល់ភាពសុខដុមរមនាដល់ប្រជាពលរដ្ឋ និងមន្រ្តីក្រោមឱវាទ៕