(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអញ្ជើញសម្ពោធសាលាធម្មសភា ក្នុងវត្តពោធិ៍ អណ្តែត ឃុំដើមឬស និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹងប្រមាណ ២០៩១នាក់ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា «បើប្រទេសគ្មានសុខសន្តិភាព ក៏គ្មានលទ្ធិប្រជាធិប្បតេយ្យ និងសិទ្ធិមនុស្សនោះទេ»។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា បើប្រទេសស្ថិតនៅក្នុងសង្រ្គាមកាប់សម្លាប់គ្នាដូចនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត កន្លងមកនៅលើពិភពលោកសព្វថ្ងៃមានប្រទេស លីប៊ីស៊ីរី អាប់ហ្គានីស្ថាន តើលទ្ធិប្រជាធិប្បតេយ្យ និងសិទ្ធិមនុស្សមានដែរឬទេ?
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នៅកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពបានធ្វើពលីកម្មទាំងរូបកាយកម្លាំងស្មារតី បានតស៊ូពុះពារឆ្លងកាត់ការលំបាករាប់រយឧបសគ្គ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឱ្យប្រទេសជាតិ និងប្រជាជនរស់ឡើងវិញ មានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ រៀនសូត្រប្រកបការងារផ្សេងៗដោយសេរី។
នាយឧត្តមសេនីយ៍បានថ្លែងទៀតថា បច្ចុប្បន្ននេះមានស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិមានផ្នែកឯកជន និងរដ្ឋរាប់រយកំពុងមានបេសកម្មនៅកម្ពុជា កំពុងធ្វើសកម្មភាពដោយសេរីភាព។ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង បានរំលឹកថា សន្តិភាពដែលមានសព្វថ្ងៃបានមកដោយការលំបាកតស៊ូច្រើន ទស្សវត្សប្តូរអាយុជីវិតអ្នកស្នេហាជាតិជាច្រើនរូប។ ដោយសារប្រទេស ជាតិមាន សុខសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានអ្វីៗដូចសព្វថ្ងៃនេះ មានសម្តេចតេជោ គឺមានសុខសន្តិភាព មានសម្តេចតេជោ គឺមានការអភិវឌ្ឍន៍។
ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានជំរុញការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រប្រទេសមានសុខសន្តិភាពលទ្ធិប្រជាធិប្បតេយ្យ សិទ្ធិមនុស្សការបោះឆ្នោតដោយសេរីពហុបក្ស និងមានកំណើនសេដ្ឋកិច្ច៧%។
លោក អ៊ួច សៅ វឿន អភិបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា សាលាធម្មសភា០១ ខ្នង មានបណ្តោយ ៣៧ ម៉ែត្រ ទទឹង០៨ ម៉ែត្រ បានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានចំណាយថវិកាចំនួន ៧២០០០ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី។
វិស័យសាសនាក៏ជាវិស័យមួយដែលមានអាទិភាព ដោយក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ខិតខំបន្តជំរុញលើកកម្ពស់តួនាទីសាសនា ពិសេសគឺព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្នុងការចូលរួមផ្តល់ការអប់រំផ្នែកគុណធម៌ សីលធម៌ និងចរិយាធម៌ ព្រមទាំងការធានាភាពសុខដុមរមនានៅក្នុងសង្គមកម្ពុជាទាំងមូល។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង និងលោកស្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនបច្ច័យវត្តពោធិ៍អណ្ដែត១០លានរៀល ចែកជូនក្រណាត់ស និងថវិកា ជូនលោកតាលោកយាយ ក្រុមប្រឹក្សាឃុំ អាចារ្យគណៈកម្មការវត្ត ក្រុមយុវជន ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕