ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថានៅពេលខាងមុខនឹងមានអ្នកមានសញ្ញាបត្រឧត្តមសិក្សានឹងឈរឈ្មោះជាមេឃុំ និងចៅ សង្កាត់ ដែលនឹងធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមរបស់យើងកាន់តែមានភាពប្រសើរឡើង។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យវេស្ទើន នាព្រឹកថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
សម្តេចមានប្រសាសន៍ថា: តាមការស្រាវជ្រាវបច្ចុប្បន្នថ្នាក់ក្រោមជាតិរបស់យើងដែលមានសញ្ញាបត្រថ្នាក់ឧត្តមសិក្សារហូត ៩០% ហើយនៅថ្នាក់ស្រុក ចំណែកនៅថ្នាក់ខេត្តមានរហូតដល់ ១០០% ហើយនៅពេលខាងមុខអាចនឹងមានថ្នាក់ឧត្តមសិក្សាអាចទៅឈរឈ្មោះជាមេឃុំនិងចៅសង្កាត់ថែមទៀតផងព្រោះមេឃុំចៅសង្កាត់បច្ចុប្បន្នប្រាក់ខែក៏ច្រើន គួបផ្សំជាមូយការទម្លាក់ប្រាក់សម្រាប់ការអភិវឌ្ឍក៏ច្រើន ដែលទាមទារសមត្ថភាពនៃការចាត់ចែងការងារឲ្យបានល្អដើម្បីរក្សាស្ថានភាពនៃការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ដូចនេះប្រទេសរបស់យើងកាន់តែមានភាពល្អប្រសើរ។
ជាមួយនេះសម្តេចតេជោក៏បានស្នើឲ្យមន្រ្តីនៅស្ថាប័នថ្នាក់ជាតិសូមឱ្យមានការយោគយល់ចំពោះអ្នកមិនគ្រប់លក្ខណសម្បត្តិ ហើយត្រូវបានដោះដូរទៅកន្លែងផ្សេង ព្រោះស្ថាប័ននីមួយៗគេតម្រូវទៅលើបញ្ហាទាក់ទងជាមួយនឹងសមត្ថភាពមិនមែនត្រឹមតែស្ថាប័នរដ្ឋទេវិស័យឯកជនក៏គេត្រូវការសមត្ថភាពផងដែរ ។
ជាមួយនេះដែរ សម្តេចក៏បានជំរុញឲ្យក្រសួង ស្ថាប័នជាតិ ទាំងអស់ត្រូវខិតខំផ្ទេរ អំណាចទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្តេចបានបន្តថា ចុងក្រោយនេះមានក្រសួងមួយ ចំនួននៅតែមិនព្រមផ្ទេរអំណាចទៅឲ្យថ្នាក់ក្រោមជាតិ ដូចនេះត្រូវបង្ខំចិត្តឲ្យសម្តេចចុះហត្ថលេខាយល់ព្រមតែម្ដង ព្រោះការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ វាទាមទារ ទាំងធនធានមនុស្ស ទាំងថវិកា ប្រសិនជាអស់លោកមិនព្រមប្រគល់ទៅឲ្យថ្នាក់ក្រោមនោះ អំណាចនៅថ្នាក់ក្រោមក៏នៅតែមិនមាន។ អាជ្ញាធរថ្នាក់ក្រោមជាតិដែលជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋដោះស្រាយជាមួយប្រជាពលរដ្ឋនឹងជួបបញ្ហា ប្រសិនជាយើងមិនបានផ្ទេរអំណាចឲ្យពួកគេទេនោះ ពួកគេក៏មិនអាចធ្វើអ្វីបានដែរ៕