តំណាងរាស្ដ្រកំពង់ចាម ផ្ដល់អណ្ដូងស្នប់ខ្នាតធំចំនួន៦ និងផ្លូវក្រាលគ្រោះក្រហម ប្រវែង៥០០ម៉ែត្រ ជូនពលរដ្ឋ នៅស្រុកជើងព្រៃ


ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានប្រគល់ជូននូវអណ្ដូងស្នប់ខ្នាតធំចំនួន៦ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំចំនួន៣ រួមមាន៖ ឃុំសូទិព្ទ ចំនួន២អណ្ដូង, ព្រៃចារ ២អណ្ដូង, ឃុំស្រម៉រ ២អណ្ដូង នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម។

លើសពីនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក៏បានធ្វើផ្លូវក្រាលគ្រោះក្រហម ប្រវែង៥០០ម៉ែត្រ ដល់ពលរដ្ឋនៅឃុំសូទិព្ទ និងផ្តល់ដី២០ឡានចាក់ជុំវិញសាលាបុណ្យផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តែងតែស្វែងយល់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុក្ខចោលនរណាម្នាក់នោះឡើយ ជាពិសេស ដោះស្រាយរាល់ទុក្ខលំបាក និងភាពខ្វះខាតភ្លាមៗ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានល្អប្រសើរ។

ក្នុងឱកាសប្រគល់អណ្ដូងស្នប់ចំនួន៦ ជូនប្រជាពលរដ្ឋខាងលើនេះ បានធ្វើឱ្យប្រជាពលរដ្ឋ មានភាពសប្បាយរីករាយ ដែលមានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ ដោយមិនចំណាយថវិកា ដើម្បីទិញទឹកយកប្រើជាប្រចាំថ្ងៃទៀតនោះទេ។ លើសពីនោះ ជួយលើកកម្ពស់សុខភាពប្រជាពលរដ្ឋតាមរយៈអណ្ដូងទឹកស្អាតនេះ និងលែងប្រើប្រាស់ទឹកតាមប្រឡាយ ដែលអាចផ្ដល់បញ្ហាដល់សុខភាពរបស់អ្នកស្រុកទៀតហើយ។

ក្នុងឱកាសនោះផងដែរ ប្រជាពលរដ្ឋដែលទទួលផលពីការប្រើប្រាស់អណ្ដូងទឹកទាំង ៦ខាងលើនេះ បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង និងប្រាប់ឱ្យដឹងថា «ពេលនេះ គ្រួសារយើងទាំងអស់គ្នា មានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ នៅក្បែរផ្ទះទៀត មិនចំណាយលុយទិញទឹកដូចរាល់ថ្ងៃទៀត។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ ដល់តំណាងរាស្រ្ដពួកខ្ញុំ ព្រោះគាត់ តែងតែចុះមកសួរសុខទុក្ខ ស្វែងយល់ការលំបាក ភាពខ្វះខាត និងបញ្ហាប្រឈមនានា រួមទាំងគ្រោះមហន្ដរាយធម្មជាតិជាដើម»។

ឯកឧត្តមតំណាងរាស្ដ្រ ម៉ា ឈឿន បានដោះស្រាយរាល់ការសំណូមពររបស់ពួកយើង ជាក់ស្ដែង ដូចអណ្ដូងទឹក ផ្លូវថ្នល់ វត្ដអារាម ស្បៀង និងសម្ភារមួយចំនួន ដែលជាតម្រូវការចាំបាច់ ដើម្បីផ្ដល់ភាពសុខសាន្ដ ក្នុងការរស់នៅអ្នកភូមិ។

ឯកឧត្តមតំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងបន្ដថា «យើង នឹងបន្ដចុះមកស្វែងយល់ និងដោះស្រាយរាល់បញ្ហា ឬទុក្ខកង្វល់របស់ប្រជាពលរដ្ឋយើងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍភូមិឃុំ និងប្រទេសជាតិកាន់តែភាពល្អប្រសើរ ជាពិសេស លើកកម្ពស់ជីវភាពរបស់ពលរដ្ឋយើង»។

សូមជម្រាបថា អណ្ដូងស្នប់មួយ ចំណាយថវិកាចំនួន ២ពាន់ដុល្លារ ជាថវិកាផ្ទាល់របស់តំណាងរាស្ដ្រ ម៉ា ឈឿន ហើយនៅសប្ដាហ៍ក្រោយនេះ លោកបណ្ឌិត នឹងបន្ដដាក់ប្រើប្រាស់អណ្ដូងស្នប់មួយចំនួនទៀត នៅតាមឃុំនិមួយៗនៅស្រុកជើងព្រៃផងដែរ៕