អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ពិនិត្យរៀបចំគោលដៅ ព្រះមហាក្សត្រយាងសួរសុខទុក្ខប្រជានុរាស្រ្ត នៅស្រុកស្រីសន្ធរ


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះពិនិត្យគោលដៅ ព្រះរាជដំណើរយាង របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងយាងចុះសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាពេលខាងមុខឆាប់ៗនេះ។

មន្ត្រីសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារចុះពិនិត្យគោលដៅ រៀបចំសណ្ដាប់ធ្នាប់ សម្រាប់ព្រះរាជដំណើរយាងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងចុះសួរសុខទុក្ខ និងប្រោសព្រះរាជ ទានព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រនៅភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឆ្លៀតចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕