ប្រធានបេសកកម្មអង្គការ IOM ប្រកាសជួយរាជរដ្ឋាភិបាលកម្ពុជាពេញទំហឹង លើការពង្រឹងការងារជួយជនចំណាកស្រុក និងជួញដូរមនុស្សនៅកម្ពុជា


លោកស្រី គ្រីស្ទីន ប៉ាកូ ប្រធានបេសកកម្មអង្គការ IOM បានប្រកាសជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពេញទំហឹង ទាំងផ្នែកស្មារតី, បចេ្ចកទេស និងហរិញ្ញវត្តុ និងធនធានមនុស្ស ដើម្បីពង្រឹងការងារជួយទៅដល់ជនចំណាកស្រុក និងការជួញដូរមនុស្សនៅកម្ពុជា។ ការប្រកាសជួយពីអង្គការ IOM បានធ្វើឡើងខណៈកម្ពុជា កំពុងតែសាងសង់មជ្ឈមណ្ឌលសំចត សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត ក្រោមការឧបត្ថម្ភពីប្រទេសថៃ។

ការលើកឡើងរបស់ថ្នាក់ដឹកនាំអង្គការ IOM នាពេលនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយលោកស្រី គ្រីស្ទីន ប៉ាកូ ប្រធានបេសកកម្ម អង្គការ IOM នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួងសង្គមកិច្ច។

បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាទៅលើបញ្ហាមួយចំនួនទៀតរួមមាន៖

*១៖ អង្គការ IOM មានគំរោងបណ្តុះបណ្តាលផ្នែកសង្គ្រោះបឋមតាមប្រព័ន្ធអនឡាញ ទៅដល់មន្រ្តីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
*២៖ អង្គការ IOM នឹងផ្តល់កិច្ចគាំទ្រគំរោងសិក្ខាសាលាដល់មន្រ្តីថ្នាក់ ភូមិ ឃុំ អំពីការចំណាកស្រុកដោយភាពប្រថុយប្រថាន។
*៣៖ អង្គការ IOM នឹងផ្តល់កិច្ចគាំទ្រផ្នែកស្មារតី បចេ្ចកទេស និង ហរិញ្ញវត្តុ ទៅលើសិក្ខាសាលានៃការផ្ស្វយផ្សាយ SOP រវាងប្រទេស កម្ពុជា-ថៃ
អំពីការបញ្ជួននិងមាតុភូមិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលនឹងប្រព្រឹត្តទៅនាចុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
*៤៖ អង្គការ IOM នឹងបន្តពង្រឹងកិច្ចសហប្រត្តិបត្តការ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

គួរបញ្ជាក់ថា ប្រទេសថៃបានសម្រេចកសាងមជ្ឈមណ្ឌលសំចត សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត ជូនដល់ប្រទេសកម្ពុជាសម្រាប់ការប្រារព្ធពិធីគំរប់ខួប៧០ឆ្នាំ នៃសម្ព័ន្ធភាពថៃ-កម្ពុជា។ ការកសាងជូនប្រទេសកម្ពុជា នាពេលនេះ ក៏បង្ហាញពីចំណុចចាប់ផ្តើមជាវិជ្ជមានរបស់កម្ពុជា-ថៃ លើការពង្រឹង និងគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និង សមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស (SOP) នៅក្នុងប្រទេសថៃ ដែលកម្ពុជា និងថៃបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩កន្លងមកផងដែរ។

កាលពីពេលថ្មីៗនេះ ភាគីកម្ពុជា និងភាគីថៃ បានចុះហត្ថលេខា (SOP) ដើម្បីបង្កើតគោលការណ៍ណែនាំរួមស្តីពី ការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងពង្រឹងបទដ្ឋានប្រតិបត្តិអនុលោម ទៅតាមការអនុវត្តជាលក្ខណៈអន្តរជាតិ, កំណត់តួនាទី និងការទទួលខុសត្រូវ នៃអាជ្ញាធរពាក់ព័ន្ធនៃរដ្ឋភាគីទាំង២ នៅក្នុងដំណើរការមាតុភូមិនិវត្តន៍ និងសមាហរណកម្ម, ប្រើប្រាស់ជាឯកសារយោងពាក់ព័ន្ធ និងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស៕