សន្និបាតគណៈចលនាមហាជន៖ ឯកឧត្តម តាក ស៊ុនអ៊ី រំលឹកពីតួនាទី និងបេសកកម្មជាប្រវត្តិសាស្រ្តរបស់ការងារចលនាមហាជនរបស់គណបក្ស


សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ លើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបទបង្ហាញអំពីការងារចលនាមហាជន ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស  និងជាប្រធានគណៈឃោសនាអប់រំ បានរំលឹកពីតួនាទី  និងបេសកម្មជាប្រវត្តិសាស្ត្ររបស់ការងារចលនាមហាជនរបស់គណបក្ស  ដែលមានកំណើតចាប់តាំងពីក្នុងកាលៈទេសៈប្រទេសជាតិទើបតែរួចផុតពីរបបប្រល័យពូជសាសន៍។

ឯកឧត្តម តាក ស៊ុនអ៊ី បានរំលេចឡើងវិញនូវបេសកកម្មចម្បងរបស់គណៈចលនាមហាជន  ដែលមានជាអាទិ៏  ការគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ការចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាព ព្រមទាំងការចូលរួមទប់ស្កាត់នូវឧបាយកលទុច្ចរិត ដែលមានចេតនាបង្ករចលាចល អស្ថិរភាពពីសំណាក់មជ្ឈដ្ឋានអគតិទាំងក្នុង និងក្រៅប្រទេស។ ក្នុងន័យនេះ មន្ត្រីគណបក្សទទួលបន្ទុកការងារចលនាមហាជនមានភារកិច្ចយ៉ាងសំខាន់ចំពោះគណបក្ស ក្នុងការជ្រៀតចូលឱ្យបានជ្រៅទៅក្នុងស្រទាប់មហាជនគ្រប់ប្រភេទ និងជាប់ជាប្រចាំដើម្បីក្តាប់បាននូវសភាពការណ៍សតិអារម្មណ៍ ហើយឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការពិតរបស់មហាជន។