សន្និបាតគណៈចលនាមហាជន៖ ឯកឧត្តម ឱម យ៉ិនទៀង ផ្តាំផ្ញើទៅកាន់មន្ត្រីគណបក្សសូមឲ្យពង្រឹងស្មារតីមហាជន ជាពិសេសយុវជន កុំឲ្យលុះតាមការញុះញុងដែលគ្មានមូលដ្ឋាន


សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ លើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបទបង្ហាញស្តីពីសភាពការណ៍នយោបាយនៅកម្ពុជា  ឯកឧត្តម ឱម យ៉ិនទៀង មានប្រសាសន៍ថា  កម្ពុជាកំពុងទទួលបាននូវសុខសន្តិភាពពេញលេញ  ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ។ ចំពោះឯកឧត្តម  សន្តិភាពនេះហើយ  ជាមូលដ្ឋាននៃការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងសង្គម។

ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តម  ក៏ផ្តាំផ្ញើទៅកាន់មន្ត្រីគណបក្សសូមឲ្យពង្រឹងស្មារតីមហាជន ជាពិសេសយុវជន កុំឲ្យលុះតាមការញុះញុងដែលគ្មានមូលដ្ឋាន និងដែលមានចេតនាបំផ្លិចបំផ្លាញ និងសូមកុំយកសុខសន្តិភាព ស្ថិរភាពរបស់សង្គមជាតិទាំងមូលទៅប្តូរនឹងអារម្មណ៍ឆេវឆាវមួយពេលដែលមជ្ឈដ្ឋានអគតិព្យាយាមអុចអាល។

សូមបញ្ជាក់ផងដែរថា អង្គសន្និបាតបានចាប់ផ្តើមដំណើរការ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ និងដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន តាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០នាក់។

បន្ទាប់ពីពិធីបើកបានចាប់ផ្តើមដំណើរការរួចមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន ក៏បានបន្តដឹកនាំអង្គពិធី ដើម្បីពិភាក្សាបន្ត។

សូមជម្រាបជូនផងដែរថា ពិធីបិទនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕