កូរ៉េខាងត្បូង សន្យាជួយកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប នៅឆ្នាំ២០២០


សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង ) បានសន្យាថា នឹងជួយចែករំលែកផ្តល់ជាបទពិសោធន៍ដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប ឬហៅកាត់ថា ASEM ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ នៅឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាម ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងនៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ស្តីពីលទ្ធផលជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងឱកាសអនុញ្ញាតឲ្យលោក Park Heung-kyoeng ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម, អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរ អំពីដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល ASEM នៅពេលខាងមុខនៅឆ្នាំ២០២០នេះ ដែលកូរ៉េបញ្ជាក់ថា រីករាយនឹងចែករំលែកបទពិសោធន៍នៃការរៀបចំ ពីព្រោះកូរ៉េធ្លាប់ដឹកនាំរៀបចំកិច្ចប្រជុំនេះ ដូច្នេះកូរ៉េនឹងរីករាយបើយើងចង់បានបទពិសោធន៍»។

បើតាមឯកឧត្តម កុយ គួង, ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការស្វាគម៍ និងអបអរសាទរចំពោះលោក Park Heung-kyoeng ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ឯកឧត្តមក៏បានកត់សម្គាល់ថា រយៈពេលថ្មីៗនេះ ជាពិសេសនៅក្នុងឆ្នាំ២០១៩ មានព្រឹត្តិការណ៍ជាច្រើន ដែលជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ និងភាពទូលំទូលាយបន្ថែមទៀត។ ជាពិសេសមានដំណើរទស្សនកិច្ច ប្រធានាធិបតីកូរ៉េមកកម្ពុជានាពេលកន្លងមកនេះ ក៏ដូចជាព្រឹត្តិការណ៍ប្រារព្ធពិធីរំលឹកខួប អាស៊ាន-កូរ៉េ ក៏ដូចជាកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ នៅពេលថ្មីៗនេះផងដែរ។

ជាការឆ្លើយតប លោក Park Heung-kyoeng បានសម្តែងសេចក្តីរីករាយ ដែលត្រូវបានតែងតាំងឲ្យមកបំពេញការងារនៅប្រទេសកម្ពុជា ហើយលោកបានកត់សម្គាល់ឃើញ ដូចឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ ដែលថាទំនាក់ទំនងទ្វេភាគីមានការរីកចម្រើន។ ឆ្នាំ២០១៩នេះ ជាឆ្នាំមួយល្អសម្រាប់ប្រទេសទាំងពីរ ក្នុងនោះលោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមគំនិតឲ្យមានកិច្ចប្រជុំមេគង្គ-កូរ៉េ ឲ្យស្ថិតនៅក្នុងកម្រិតកំពូល។

លោក Park Heung-kyoeng ក៏បានអរគុណដល់កម្ពុជា ដែលកន្លងមកកម្ពុជាតែងតែគាំទ្រដំណើរការសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ ដោយមិនចង់ឲ្យមានអាវុធនុយក្លេអ៊ែរ។ ឯកឧត្តម កុយ គួង គូសបញ្ជក់។

ឯកឧត្តម កុយ គួង មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីការជំរុញឲ្យមានកំណើនពាណិជ្ជកម្ម ទំហំពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ និងវិស័យជាច្រើនទៀត ជាពិសេសឯកសារថ្មីៗនេះ ក្នុងអំឡុងពេលដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗ រួមមាន រំលឹកខួបអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ បានចុះហត្ថលេខាឯកសារចំនួន៥ រវាងកម្ពុជា-កូរ៉េ ដោយពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធព័ត៌មានវិទ្យា ដែលឯកសារទាំង៥នេះ ជួយជ្រោមជ្រែង ជំរុញឲ្យមានការលើកទឹកចិត្តដល់អ្នកវិនិយោគកូរ៉េ កាន់តែមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនទៀត។ កម្ពុជា-កូរ៉េ ក៏បានពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណាឲ្យមានអ្នកទេសចរកូរ៉េមកលេងកម្ពុជា ក៏ដូចជាអ្នកទេសចរកម្ពុជា ទៅលេងកូរ៉េផងដែរ។

ឯកឧត្តម កុយ គួង បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ដោយបញ្ជាក់ថា៖ «ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ យើងពិនិត្យមើលឆ្នាំ២០១៨ មានប្រមាណជាជិត ៨០០លានដុល្លារ ប៉ុន្តែព័ត៌មានខាងកូរ៉េមានជិត ១០០០ពាន់លានដុល្លារ។ បើឆ្នាំ២០១៩ រយៈពេល៩ខែនេះ ប្រមាណជិត ៧០០លានដុល្លារ»។

បើតាមអ្នកនាំពាក្យ សម្រាប់វិស័យទេសចរណ៍វិញ អ្នកទេសចរកូរ៉េមកលេងកម្ពុជា ក្នុងមួយឆ្នាំៗប្រមាណ ៣០ម៉ឺន ទៅ៤០ម៉ឺននាក់។ កម្ពុជា-កូរ៉េ ក៏ជំរុញឲ្យមានកំណើនអ្នកទេសចរកាន់តែច្រើន ពីព្រោះបើពិនិត្យមើលជើងយន្តហោះ ដែលហោះត្រង់មកកម្ពុជាប្រមាណ ៥០ជើងក្នុងមួយសប្តាហ៍។

ឯកឧត្តម កុយ គួង បានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានពិភាក្សាពីវិស័យកសិកម្មផងដែរ ដែលឯកសារចំនួន៥ ចុះហត្ថលេខានៅទីក្រុងប៊ូសាន ក៏មានអនុស្សារណៈការយោគយល់គ្នា លើវិស័យកសិកម្ម ពីព្រោះកសិកម្មនៅកូរ៉េ មានកសិកម្មទទួលផលបានច្រើន មានបច្ចេកវិទ្យាទំនើបលើរឿងកសិកម្ម។ កម្ពុជាសង្ឃឹមថា នឹងធ្វើឲ្យវិស័យកសិកម្មកាន់តែល្អថែមទៀត ហើយក្នុងនោះក៏មានការនឹងត្រៀមនាំផ្លែស្វាយកម្ពុជា ទៅលក់នៅកូរ៉េដែរ ស្របពេលកម្ពុជាសង្ឃឹមថាផ្លែស្វាយ នឹងទទួលបាននូវការគាំទ្រច្រើនពីកូរ៉េ។

ឯកឧត្តម កុយ គួង បានរំលឹកថា៖ «បើសិនយើងមើលទុនវិនិយោគកូរ៉េ មកកម្ពុជាកន្លងមក យើងឃើញថា ក្នុងឆ្នាំ១៩៩៦ ដល់ខែមករា ឆ្នាំ២០១៩នេះ មានប្រមាណជាង ៤៤៧០លានដុល្លារ»

អ្នកនាំពាក្យក្រសួងការបរទេស បានបន្តទៀតថា ចំពោះទំនាក់ទំនងផ្នែកពហុភាគី កម្ពុជា-កូរ៉េ បានពិភាក្សាពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក៏ដូចជាមេគង្គ-កូរ៉េ ដែលកន្លងមកនេះ ប្រធានាធិបតីកូរ៉េ បានផ្តួចផ្តើមគំនិត មានគម្រោងជាច្រើន ដើម្បីឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ ឲ្យមានលក្ខណៈរឹងមាំខ្លាំងក្លាថែមទៀត។ ភាគីទាំងពីរ ក៏បានពិភាក្សាធ្វើយ៉ាងណាជំរុញឲ្យគម្រោងទាំងនោះ ដំណើរការដោយល្អ ជាពិសេសសេចក្តីថ្លែងការណ៍ ទីក្រុងប៊ូសានកន្លងមកនេះ ដែលផ្តោតលើវិស័យ៣ ឬ 3P រួមមាន People (មនុស្ស) Peace (សន្តិភាព) និង Prosperity (វិបុលភាព) ដែលកូរ៉េបានដើរតួសំខាន់ក្នុងការងារនេះ ជាពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ផ្តោតលើធនធានទឹក ដើម្បីឲ្យទឹកត្រូវប្រើប្រាស់បានឲ្យល្អ៕