រដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឈានដល់គោលដៅទី៦ ដែលជាគោលដៅចុងក្រោយនៃបេសកកម្មការងាររបស់ខ្លួន


រដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ គោលដៅទី៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាក្រុងសៀមរាប ដែលជាគោលដៅចុងក្រោយ បន្ទាប់ពីបានធ្វើឡើងនៅក្នុងទូទាំងខេត្ត ( ១២ក្រុង.ស្រុក ) អស់រយៈពេល៣សប្តាហ៍កន្លងមក ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប និងលោក លី សំរិទ្ធ អភិបាលខេត្តស្តីទីបានវាយតម្លៃថា អង្គវេទិកាទាំងនោះ គឺជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែង លើការពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យពិចារណា ឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈមនានាក្នុងឆ្នាំ២០១៩ និងគម្រោងសកម្មភាពជាអាទិភាព សម្រាប់ឆ្នាំ២០២០ របស់រដ្ឋបាលខេត្កសៀមរាប។ ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ វិស័យឯកជន សង្គមស៊ីវិល និងមន្រ្តីជំនាញជាវាគ្មិនមកពីបណ្តាស្ថាប័ន អង្គភាពនានាដែលពាក់ព័ន្ធ គឺជាកម្លាំងចលករ ជំរុញឲ្យការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាន់តែមានល្បឿនទៅមុខ សំដៅធ្វើឲ្យថ្នាលប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅទៅក្នុងសហគមន៍មូលដ្ឋាន ដែលព្រឹត្តិការណ៍ទាំងនោះ វាគឺជាយន្តការមួយផងដែរ ក្នុងការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ ។

លោក លី សំរិទ្ធ អភិបាលខេត្តស្តីទី បានបញ្ជាក់ថា ខេត្តសៀមរាបក្នុងចំណោមរាជធានី ខេត្ត ក្រុង បានជាប់នៅក្នុង (ស្មាតស៊ីធី ) ជាប់ជាទីក្រុងវៃឆ្លាត ដែលប្រកបទៅដោយបរិស្ថានល្អ ដើមី្បឲ្យក្រុងប្រវត្តិសាស្ត្រមួយនេះបានក្លាយ ខ្លួនជាទីក្រុងវៃឆ្លាត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងអស់ ចូលរួមអនុវត្តនូវ គោលការណ៍ណែនាំរបស់អាជ្ញាធរខេត្ត ដើមី្បឲ្យខេត្ត ក្រុងសៀមរាប ក្លាយជាទីក្រុងវៃឆ្លាតទៅអនាគត ។

សមាជិក សមាជិកាសម្រាប់វេទិកាគោលដៅទី៦នេះ មានចំនួនប្រមាណជា ៧២៣នាក់ មកពីក្រុងសៀមរាប និងស្រុកពួក មានវាគ្មិនជាមន្រ្តីជំនាញពាក់ព័ន្ធមកពីបណ្តាមន្ទីរ-អង្គភាពនានាចំនួន ៤៧ រូប សម្រាប់ការឆ្លើយតបសំណួរ និងសំណូមពរនៃអង្គវេទិកា ។ នៅក្នុងអង្គវេទិកាគោលដៅទី៦នេះ ទទួលបានសំណួរ និងកង្វល់ផ្ទាល់មាត់ពីប្រជាសហគមន៍ចំនួន១៩ នឹងត្រូវបានវាគ្មិនឆ្លើយតបដោះស្រាយរួចរាល់ទាំង ១៩សំណួរ និងសំណូមពរទាំងនោះ ។ ដោយឡែកនៅមានសំណួរនិងសំណូមពរជាលាយល័ក្ខអក្សរចំនួន៥០ផ្សេងទៀត ដែលត្រូវយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងត្រូវធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងវិញជាលាយលក័្ខអក្សរដល់ម្ខាស់សំណួរ តាមរយៈមេឃុំ ចៅសង្កាត់ ។

គួរបញ្ជាក់ដែរថា យោងតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹតស្តីពីតួនាទី-ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា-គណអភិបាលខេត្ត ក្រុមប្រឹក្សា- គណអភិបាលក្រុង-ស្រុក គឺក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្តត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង-ស្រុកនានា ទូទាំងខេត្ត ៕