ពិធីបើកវគ្គបណ្ដុះបណ្ដាលដំបូង ដល់មន្ត្រីក្របខ័ណ្ឌថ្មី ឆ្នាំ២០១៩


ថ្ងៃចន្ទ ១២រាច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដំបូងដល់ មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ ចំនួន១២១នាក់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើននាក់របស់ក្រសួងផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីបណ្ដុះចក្ខុវិស័យ ចំណេះដឹង ជំនាញ និងអាកប្បកិរិយា ជាពិសេស បណ្ដុះនូវមនសិកាវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដល់មន្ត្រីក្របខ័ណ្ឌថ្មី ដើម្បីឱ្យពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រើសេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានលឿន ប្រសិទ្ធភាព និងតម្លាភាព។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ ចក្ខុវិស័យរបស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង គឺចង់ឃើញមន្ត្រីមានពហុជំនាញ។ ក្រសួងតែងតែបណ្ដុះបណ្ដាលមន្ត្រីតាមរយៈកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាលខ្លីទាំងក្នុង និងក្រៅប្រទេស និង បានអញ្ជើញគ្រូមកពីសាលាល្បីៗដើម្បីធ្វើបទបង្ហាញជាដើម។ ដូចនេះមន្ត្រីក្របខ័ណ្ឌថ្មី ត្រូវតែសិក្សារៀនសូត្រ ស្រាវជ្រាវនូវចំណេះដឹង និងជំនាញនានាទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យបានស៊ីជម្រៅ ព្រមទាំងសិក្សាស្រាវជ្រាវពីបទប្បញ្ញត្តិនានាទាក់ទងនឹងមន្ត្រីរាជការស៊ីវិល តួយ៉ាងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ដ្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ជាដើម។

ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដាំផ្ញើឱ្យមន្ត្រីក្របខ័ណ្ឌថ្មីយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការធ្វើបទបង្ហាញ របស់គ្រូឧទ្ទេស និងចូលរួមលើកជាសំណួរ និងផ្ដល់មតិយោបល់ឱ្យបានផុលផុស សំដៅឱ្យការបណ្ដុះបណ្ដាលនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រោះវាជាឈ្នាន់ក្នុងការអនុវត្តការងារឱ្យបានប្រសិទ្ធផលខ្ពស់ ពេលចូលទៅបម្រើការងារនៅតាមអង្គភាពរៀងៗខ្លួន។

សូមបញ្ជាក់ថា៖ មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ ត្រូវ ទទួលការបណ្ដុះបណ្ដាលរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លើប្រធានបទចំនួន ០៩ ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន៕