អភិបាលខេត្តពោធិ៍សាត់ បានបន្តចុះពិនិត្យដោយផ្ទាល់ និងសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលកំពុងរកទទួលទានក្នុងផ្សារពោធិ៍សាត់ ក្រុងពោធិ៍សាត់


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្តចុះពិនិត្យដោយផ្ទាល់ និងសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលកំពុងរកទទួលទានក្នុងផ្សារពោធិ៍សាត់ ក្រុងពោធិ៍សាត់។

ជាមួយគ្នានោះ ឯកឧត្តមបានផ្តល់ជូនថវិកាបន្តិចបន្តួចដល់លោកតា លោកយាយ និងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ី លើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់ពីឆ្នាំ៦០ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រីស្រែ លាស ខ្ចៅខ្យងបន្តិចបន្តួចនោះឡើយ។

សូមបញ្ជាក់ថា ឆ្លៀតមុនឱកាសចុះជួបសំណាលជាមួយអាជីវករផ្សារពោធិ៍សាត់, ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនស្បៀងផ្ទាល់ដៃ ជូនដល់ជនចាស់ជរាទីទ័លខ្លាំង និងគ្រួសារក្រីក្រ ដែលមានជីវភាពខ្វះខាតពិតប្រាកដ បានជាង៤០០គ្រួសារ នៅសាលាខេត្តពោធិ៍សាត់៕