លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី វឌ្ឍនភាពនៃការអនុវត្តការងារកន្លងមករវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការUNFPA កំណត់លើបញ្ហាប្រឈម និងទិសដៅការងារសម្រាប់ឆ្នាំ២០២០


នៅព្រឹកថ្ងៃច័ន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ស្តីពីការអនុវត្តកម្មវិធីអភិវឌ្ឍប្រចាំប្រទេសឆ្នាំ២០១៩-២០២៣ របស់អង្គការUNFPA។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការងារកន្លងមករវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការUNFPA កំណត់លើបញ្ហាប្រឈម និងរៀបចំផែនការសកម្មភាពអាទិភាព និងទិសដៅការងារសម្រាប់ឆ្នាំ២០២០ ដែលមានអ្នកចូលរួមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ៥០រូប។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តីក៍បានផ្តល់អនុសាសន៍ដល់អង្គប្រជុំចូលរួមមតិយោបល់ឱ្យបានផុលផុស និងគិតគូរពិចារណាក្នុងការរៀបចំផែនការសកម្មភាពឆ្នាំ២០២០ តាមវិស័យរបស់ខ្លួន សំដៅធ្វើយ៉ាងណារួមចំណែកសម្រេចបាននូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាចម្បងៗចំនួន៣គឺ៖ ទី១.ការមិនឆ្លើយតបទៅនឹងតម្រូវការនៃផែនការគ្រួសារ ទី២.អត្រាមរណៈភាពមាតា និងទី៣.ការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការរើសអើងគ្រប់គ្រប់ទម្រង់លើស្រ្តី និងក្មេងស្រី។ ដើម្បីឱ្យការងារនេះអាចសម្រេចទៅបានតាមការរំពឹងទុក តម្រូវឱ្យមានការចូលរួមសហការអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែកបច្ចេកទេស និងការគាំទ្រផ្នែកធនធានហិរញ្ញវត្ថុ។