អាជ្ញាធរស្រុកបន្ទាយស្រី ចាប់ផ្តើមអនុវត្តគម្រោងសាកល្បង ផ្ទះ១ អំពូល១ ដោយផ្តើមចេញពីភូមិព្រះដាក់ ឃុំព្រះដាក់


ដើម្បីឲ្យផ្ទះប្រជាជនមានភ្លើងបំភ្លឺនៅមុខផ្ទះគ្រប់គ្រាន់នៅពេលយប់ ដើម្បីរួមចំណែកមួយក្នុងការពារសុវត្ថិភាពភូមិឃុំឲ្យកាន់តែប្រសើរឡើង អាជ្ញាធរស្រុកបន្ទាយស្រី បានចាប់ផ្តើមអនុវត្តគម្រោងសាកល្បង“ផ្ទះ១ អំពូល១” ដោយផ្តើមចេញពីភូមិព្រះដាក់ ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅក្នុងពិធីប្រគល់អំពូលភ្លើងដល់ប្រជាពលរដ្ឋនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩នេះថា ភ្លើងបំភ្លឺនៅតាមផ្លូវ នៅមុខផ្ទះប្រជាពលរដ្ឋគ្រប់គ្រាន់នៅពេលយប់ គឺជាចំណែកមួយដ៍សំខាន់ក្នុងការពារសុវត្ថិភាពភូមិឃុំកាន់តែប្រសើរឡើង ម្យ៉ាងទៀតក៏រួមចំណែកកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៏នៅពេលយប់ផងដែរ។ ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ អាជ្ញាធរស្រុកបន្ទាយស្រី បានចាប់ផ្តើមបង្កើតឱ្យមានគម្រោងផ្ទះមួយអំពូលមួយ ហើយគម្រោងនេះ បានចាប់ផ្តើមអនុវត្តសាកល្បងនៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩នេះ ដោយផ្តើមចេញពីភូមិព្រះដាក់ ។ នេះជាជំហានដំបូងនៃការអនុវត្តគម្រោងសាកល្បងផ្ទះមួយអំពូលមួយនេះ អាជ្ញាធរបានចែកអំពូលដែលប្រើប្រាស់ពន្លឺព្រះអាទិត្យជូនទៅដល់ប្រជាពលរដ្ឋ នៅក្នុងភូមិព្រះដាក់ចំនួន៥១៨ខ្នងផ្ទះ ហើយបើតាមផែនការនៃគម្រោងផ្ទះមួយអំពូលមួយនេះ គឺធ្វើយ៉ាងណាឲ្យផ្ទះប្រជាពលរដ្ឋប្រមាណ១ម៉ឺនខ្នងផ្ទះនៅគ្រប់ភូមិទាំងអស់មានអំពូលភ្លើងបំភ្លឺផ្លូវនៅត្រឹមចុងឆ្នាំ២០២០ ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា សម្រាប់ជំហានដំបូងនៃគម្រោងផ្ទះមួយអំពូលមួយនេះ អាជ្ញាធរបានសម្រេចចែកអំពូលភ្លើងជូនប្រជាពលរដ្ឋដោយឥតិតថ្លៃ ហើយនៅពេលក្រោយៗទៀតអាជ្ញាធរបានខិតខំសហការជាមួយសប្បុរសជន ដើម្បីចែកជូនបន្ត ប៉ុន្តែក្នុងករណីមានបញ្ហាខ្វះខាតថវិកាអាចឲ្យប្រជាពលរដ្ឋចូល១០ភាគរយឬតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ លោកបានលើកនូវឧទាហរណ៍មួយចំនួន ដូចជាយើងយកការឧបត្ថម្ភពីអ្នកមានក្នុងភូមិមកជួយដល់អ្នកខ្វះខាតក្នុងនោះវិញ ដើម្បីធ្វើយ៉ាងណាឲ្យផ្ទះប្រជាពលរដ្ឋទាំងមានភ្លើងបំភ្លឺផ្លូវគ្រប់គ្នា ។

លោកអភិបាលស្រុក ក៏បានលើកនូវបទពិសោធន៍មួយចំនួន ដែលប្រពៃណីដូនតាខ្មែរយើង បានប្រតិបត្តិតរៀងមកនូវប្រពៃណីក្នុងការចែករំលែក ជួយដល់អ្នកខ្វះខាតនូវធនធាន ក្នុងការបម្រើដល់ផលប្រយោជន៍សង្គម តាមរយៈការស្វែងរកសប្បុរសជន ការធ្វើបុណ្យផ្កាប្រាក់ និង កិច្ចសហការគ្នាផងដែរ។

លោកបានបន្តទៀតថា គម្រោមបង្កើតផ្ទះមួយអំពូល ភ្លើងមួយនេះ ក៏ជាការចូលរួមក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅពេលរាត្រី និង ការពារនូវសន្តិសុខល្អក្នុងភូមិ ហើយការប្រើប្រាស់ភ្លើងអំពូលនេះ ដោយមិនបានចំណាយទៅលើថាមពលអគ្គិសនីឡើយ ដោយប្រើប្រាស់ថាមពល ព្រះអាទិត្យ ដែលនឹងធ្វើឲ្យភូមិព្រះដាក់មួយនេះ មានភ្លើងភ្លឺតាមដងផ្លូវក្នុងភូមិនៅពេលយប់ដល់ភ្លឺ ដូចជាទីក្រុងថ្មីមួយនៅ តំបន់អង្គរនេះ ។ សូមបញ្ជាក់ថា នេះជាលើដំបូងហើយដែលអាជ្ញាធរស្រុកបន្ទាយស្រីមានគម្រោងដ៍ល្អបែបនេះ៕