លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ថវិកាសប្បុរសធម៌ចំនួន ២០០លានរៀល របស់ធនាគារ MGN Emperor Bank ត្រូវបានប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីប្រគល់ និងទទួលថវិកាដែលជាជំនួយសប្បុរសពីធនាគារ MGN Emperor Bank Plc ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះ លោក ឱម វិសាល នាយកប្រតិបត្តិធនាគារ និងជាតំណាងឲ្យធនាគារ MGN Emperor Bank Plc បានថ្លែងថា ក្រៅពីការជំនាញរបស់ធនាគារ ធនាគាររបស់លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គមជាច្រើន ដូចជាបានជួយដល់មូលនិធិសាខាកាកបាទក្រហមកម្ពុជា មូលនិធិគន្ធបុប្ផា កុមារកំព្រាមណ្ឌលភ្នំពេញ និងមណ្ឌលស្វាយរៀង ការឧបត្ថម្ភដល់ព្រឹត្តិការណ៍នៃការបាក់រលំអគារនៅខេត្តព្រះសីហនុ ការកសាងផ្លូវ និងការកសាងសមិទ្ធិផលក្នុងផ្នែកព្រះពុទ្ធសាសនា និងបណ្តាសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានថ្លែងនូវការកោតសសើរ និងទឹកចិត្តសប្បុររបស់ភាគីធនាគារ ក្នុងការចូលរួមដំណែកជាវិភាគទានជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយការងារគ្រោះមហន្តរាយផ្សេងៗទៀត។

ក្នុងនាមរាជរដ្ឋាភិបាលលោកជំទាវក៏បានថ្លែងអំណរគុណដល់វិស័យឯកដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសតាមរយៈការងារមនុស្សធម៍នេះ និងបានអំពាវនាវឲ្យវិស័យឯកជនមួយនេះបន្តចូលរួមជាមួយ រាជរដ្ឋាភិបាលបន្ថែមទៀត។