ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ទីម័រ៖ ការអភិវឌ្ឍនៅកម្ពុជា អាចយកធ្វើជាបទពិសោធន៍ និងរៀនសូត្រតាម


(ភ្នំពេញ)៖ លោកស្រី ហ្វេលីស៊ីដាដេ ដេស៊ូសា ហ្គូទែររេស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូតប្រទេសទីម័រខាងកើត ចប់អាណត្តិការងារ នៅក្នុងប្រទេសកម្ពុជា បានសម្តែងការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះការរីកចម្រើន និងវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ លោកស្រី បានថ្លែងថា ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា អាចជាមេរៀនមួយសម្រាប់រៀនសូត្រតាម និងយកធ្វើជាបទពិសោធន៍ផងដែរ។

ការគូសបញ្ជាក់របស់លោកស្រី វេលីស៊ីដាដេ ដេស៊ូសា ហ្គូទែររេស បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលលោកស្រីអញ្ជើញជម្រាបលាសម្តេចតេជោនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំនៃការងារក្នុងប្រទេសកម្ពុជា បានធ្វើឱ្យបេះដូងរបស់លោកស្រី ស្ថិតនៅជាមួយកម្ពុជា។ លោកស្រី ក៏បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងផងដែរ ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល៤ឆ្នាំ នៃការបំពេញការងាររបស់លោកស្រីនៅកម្ពុជា។

លោកស្រី បានថ្លែងគូសបញ្ជាក់ទៀតថា រយៈពេល៤ឆ្នាំនេះ លោកស្រីបានឃើញនូវសុខសន្តិភាព ស្ថេរភាព ដែលសុខសន្តិភាព និងស្ថិរភាពនេះហើយ ដែលបានជំរុញនូវការអភិវឌ្ឍរបស់កម្ពុជាយ៉ាងឆាប់រហ័ស។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរផងដែរ ចំពោះប្រជាពលរដ្ឋកម្ពុជា។ លោកស្រីថា ប្រជាពលរដ្ឋកម្ពុជា មានភាពរីករាយស្រស់ស្រាយ ហើយភាពស្រស់ស្រាយរបស់ប្រជាជន ជាមួយសុខសន្តិភាព សុវត្ថិភាពនេះ ជាកត្តាទាក់ទាញជាទីបំផុត សម្រាប់អ្នកទេសចរមកទស្សនា និងវិនិយោគកម្ពុជា។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកស្រី ក៏បានសំដែងភាពរីករាយ ដែលបានក្លាយជាអ្នកការទូតរបស់ទីម័រលើកទី១ មកកាន់កម្ពុជា។ លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់អាហារូបករណ៍ ដល់និស្សិតទីម័រខាងកើតមកសិក្សានៅកម្ពុជា ហើយសិស្សទាំងនោះ កំពុងតែបន្តការសិក្សានៅកម្ពុជាផងដែរ។

សម្តេចបានមានប្រសាសន៍ថា កម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូច្នេះចាំបាច់ត្រូវការចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមក។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានបទពិសោធន៍សម្រាប់ចែកជូនទីម័រខាងកើត ហើយទីម័រខាងកើត ក៏មានបទពិសោធន៍ សម្រាប់ចែកជូនដល់កម្ពុជាផងដែរ។

«អ្វីដែលជាកត្តាសំខាន់នោះ គឺយើងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមករៀនពីគ្នាទៅវិញទៅមក ហើយប្រើប្រាស់នូវអ្វីដែលយើងមាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដើម្បីទទួលនូវផលប្រយោជន៍រួមផងទាំងសងខាងផង»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលដកស្រង់មកបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាន ដោយលោក អ៊ាង សុផល្លែត។

ក្នុងជំនួបនោះសម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា សម្ដេច ពិតជាមានការរីករាយណាស់ ដែលសិស្សរបស់ទីម័រខាងកើត បានមកសិក្សានៅកម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាចង់ឱ្យមានសិស្សបរទេសច្រើន មកសិក្សានៅកម្ពុជា ដើម្បីចែករំលែកនូវចំណេះដឹង រវាងនិស្សិតនិងនិស្សិត និងដើម្បីជាកម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតផង។

ក្រោយពីជំនួបសំណេះសំណាលហើយនោះ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿងឥស្សរិយយស ដែលជាការប្រោសប្រទានរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជូនលោកស្រីផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនលោកស្រី ចំពោះការទទួលគ្រឿងឥស្សរិយយសនេះ៕