រដ្ឋបាលខេត្តព្រះវិហារ ប្រគល់-ទទួល Tablets ជូនឃុំ-សង្កាត់ ដើម្បីអនុវត្តគម្រោងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្


(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រគល់-ទទួល Tablets ជូនឃុំ-សង្កាត់ ដើម្បីអនុវត្តគម្រោងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូចមានអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។ ពិធីនេះស្ថិតក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ទូទាំងខេត្ត។

មានមតិស្វាគន៍ក្នុងឱកាសនោះ លោក រស់ ស៊ីផា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានថ្លែងពីគោលបំណង នៃកម្មវិធីនេះ គឺដើម្បីអនុវត្តគម្រោងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រីមានផ្ទៃពោះ និងកុមារអាយុវក្រោម ២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រទទួលបានប្រសិទ្ធភាព តម្លាភាព និងនិរន្តភាព ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅដើមខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។ Tablets ដែលបានប្រគល់ជូននេះគឺជូនដល់ឃុំសង្កាត់ទាំង ៥១ឃុំ ទូទាំងខេត្តដែលជាប្រតិបត្តិករផ្ទាល់ក្នុងការអនុវត្តកម្មវិធីនេះ។

ក្នុងឱកាសនោះដែរលោក ប្រាក់ សុវណ្ណ បានថ្លែងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើសុខមាលភាពប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារសង្គម (២០១៦-២០២៥) ដែលផ្តោតលើសសរស្តម្ភទាំងពីរគឺប្រព័ន្ធជំនួយ និងប្រព័ន្ធសន្តិសុខសង្គម ដែលទាំងនេះពិតជាអាចឈានដល់ការកាត់បន្ថយ ភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនេះ ត្រូវបានអនុវត្តជា ៣ដំណាក់កាល ដែលសរុបទឹកប្រាក់ ក្នុងកុមារមា្នក់ទទួលបានប្រាក់ឧបត្ថម្ភ ៧៦០,០០០រៀល។ លោកអភិបាលខេត្ត បានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវបំពេញតួនាទីរបស់ខ្លួន ឲ្យបានល្អក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋក្រីក្រ ជាពិសេស ចំពោះមេឃុំ-ចៅសង្កាត់ ត្រូវចាត់តាំងមន្រ្តីដែលមានសមត្ថភាពក្នុងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងកម្មវិធីនេះលើថេបភ្លេតក៏ដូចថែរក្សា ឲ្យបានគង់វង្សថេបភ្លេតដែលបានប្រគល់ជូន នៅពេលនេះ។

ចំពោះមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការខេត្ត ត្រូវដឹកនាំ និងតាមដានការអនុវត្តកម្មវិធី ការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រពិតប្រាកដ និងត្រូវតាមដាននិង ដោះស្រាយឲ្យបានទាន់ ពេលវេលា នូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនិង ឆាប់រហ័សប្រកប ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ថែមទៀតផង៕