អគ្គនាយកស៊ីម៉ាក់៖ ដោយការដឹងគុណសន្តិភាព ទើបមានការបង្កើត «សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន» នៅខេត្តសៀមរាប


លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ដើម្បីរំលឹកអរគុណសន្តិភាព អង្គភាពស៊ីម៉ាក់បានបង្កើតសារមន្ទីរមួយមានឈ្មោះថា «សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន» ដែលនៅសារមន្ទីរសន្តិភាពនេះ បានដាក់បង្ហាញនូវវត្ថុតាងជាប្រវតិ្តសង្គ្រាមសំណល់ជាតិផ្ទុះពីសង្គ្រាម និងសកម្មភាពដោះស្រាយសំណល់ជាតិផ្ទុះពីសង្គ្រាម ជាដើម។

លោកអគ្គនាយកបញ្ជាក់ថា សារមន្ទីរសន្តិភាពនេះ ក៏មានគោលដៅបង្ហាញភាពជាក់ស្តែងរបស់គុណតំលៃដ៏មហាសាលនៃសន្តិភាព ដែលកម្ពុជាទទួលបានមកវិញយ៉ាងលំបាកបំផុត។ ក្នុងទស្សនៈថា ស្គាល់នូវទុក្ខវេទនាវិនាសកម្ម ទាំងឡាយនៃប្រវត្តិសាស្ត្រសង្គ្រាមនោះ និងស្គាល់តំលៃសន្តិភាព ព្រមទាំងអរគុណសន្តិភាព ដែលមានសព្វថ្ងៃនេះ ខាងតែបាន។

លោកបន្តថា លោកបានធ្វើដំណើរជាច្រើនលើកទៅប្រទេសជប៉ុន និងប្រទេសមួយចំនួន ដើម្បីសិក្សាសារមន្ទីរសង្គ្រាម របស់គេ ជាពិសេសនៅក្រុងហ៊ីរ៉ូស៊ីម៉ា និងនៅក្រុងអូគីណាវ៉ា ហើយនៅអូគីណាវ៉ាមានសារមន្ទីរមួយ ដែលដាក់បង្ហាញពីប្រវត្តិសង្គ្រាម និងរូបភាពទុក្ខវេទនាប្រជារាស្ត្រជប៉ុនក្នុងសង្គ្រាម និងសំណល់អាវុធយុទ្ធភ័ណ្ឌក្រោយសង្គ្រាម ហើយសារមន្ទីនោះមានឈ្មោះថា សារមន្ទីសន្តិភាព»។

លោកបន្ថែមថា ប្រទេសជប៉ុនបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីឲ្យប្រជាជន និងរដ្ឋាភិបាលជប៉ុនស្រលាញ់សន្តិភាព និងដឹងគុណសន្តិភាព! រហូតក្នុងច្បាប់រដ្ឋធម្មនុញ្ញជប៉ុន ដែលសហរដ្ឋអាមេរិកជួយរៀបចំក្រោយចប់សង្គ្រាមនោះ ក៏ជួយជំរុញឲ្យជនជាតិជប៉ុនអរគុណ ចំពោះសន្តិភាព គោរពសន្តិភាព និងស្រលាញ់សន្តិភាព។

លោកថា នៅពេលដែលអង្គភាពស៊ីម៉ាក់ដាក់ឈ្មោះថា «សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន» មានអ្នកខ្លះលើកឡើងថា សារមន្ទីរសន្តិភាព ស្អីដាក់តាំងសុទ្ធតែគ្រាប់ និងកាំភ្លើង ! តាមពិតដោយសារកំចាត់ទង្វើហឹង្សាដោយអាវុធទាំងអស់នេះហើយ ទើបសន្តិភាពមានតំលៃធំធេងនេះ។ ដូចនេះចាំបាច់ណាស់ដែលប្រជាជនកម្ពុជាទាំងអស់ ត្រូវយល់ដឹងពីគុណតំលៃមហាសាលនៃសន្តិភាព និងមានបេះដូងគោរពស្រលាញ់សន្តិភាព និងអរគុណសន្តិភាព។

លោកលើកឡើងថា «ជាមតិរបស់ខ្ញុំ ដើម្បីធានា និងជំរុញក្តីស្រលាញ់សន្តិភាព ការដឹងគុណសន្តិភាព មានក្នុងស្មារតីប្រជាជនកម្ពុជាគ្រប់ជំនាន់ ជានិរន្តនោះ គឺមានតែការអប់រំ ត្រូវដើរតួរនាទីយ៉ាងសំខាន់បំផុត ដោយរួមជាមួយចលនាមហាជនផងនោះ! ដូចនេះក្រសួងអប់រំ ចាំបាច់ត្រូវតែធ្វើការរៀបចំចងក្រង ប្រវត្តិសង្គ្រាម ប្រវត្តិទុក្ខវេទ នា ឈឺចាប់ដោយសារសង្គ្រាម ព្រមទាំងគុណតំលៃនៃសន្តិភាព បញ្ចូលក្នុងប្រពន្ធ័អប់រំកូនចៅខែ្មរ ឲ្យបានច្បាស់លាស់ យ៉ាងនេះនាំមកនូវក្តីគោរពស្រលាញ់សន្តិភាព និងអរគុណសន្តិភាពមានជានិរន្ត នៅក្នុងព្រះរាជាណាចក្រនេះ។ មូលដ្ឋានគ្រឹះនៃសន្តិភាព បន្តរឹងមាំតាមរយះការពង្រឹងនិតីរដ្ឋ ការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ច ការកាត់បន្ថយនូវវប្បធម៌ជាតិនិយមជ្រុលជាដើម»