ឧកញ៉ា ឡូវ ហ៊ឹង នាំអំណោយសម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


(កំពង់ចាម)៖ ក្នុងគោលបំណងដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាល និងនាំយកថ្នាំពេទ្យ និងថវិកាមួយចំនួន ដើម្បីផ្តល់ដល់ប្រជាពលរដ្ឋដែលមានជំងឺ ឈឺស្លាប់ នៅក្នុងភូមិចន្លាត់ដៃ ឃុំ ទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងថា អំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឲ្យមានសមិទ្ធិផលជាច្រើនបានកើតឡើងដូចជា ផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីរបក្ស បុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទក្រហមស្រុកស្រីសន្ធរ ដែលបានឧបត្ថម្ភការកសាងឡើងដោយឧកញ៉ា ឡូវ ហ៊ឹង ទាំងស្រុង។

ឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងថា ដោយសារកម្លាំងមហាសាមគ្គីជាតិនេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុក ជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាបទៅ។

ឧកញ៉ា ឡូវ ហ៊ឹង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតាមមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរ បានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

ឧកញ៉ា ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ-ឃុំ ក៏ដូចជា នៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។

ឧកញ៉ា ឡូវ ហ៊ឹង បាននាំអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំទងត្រឡាចរួមមាន៖

*ឧបត្ថម្ភសាលាបឋមសិក្សា ហ៊ុន សែន ភូមិខ្ទឹង២០០០ដុល្លារ
*ឧបត្ថម្ភការស្តាប្រឡាយ ១លាន ២សែនរៀល
*ឧបត្ថម្ភក្តាមឈូស គ្រួសារដែលមានជំងឺស្លាប់ដោយគិតមកដល់ពេលនេះប្រមាណ ៨៥០ក្តាមឈូស
*ឧបត្ថម្ភក្មេងកំព្រា ១០០ដុល្លារ
*ឧបត្ថម្ភលោកយាយ លោកតា ថវិកាក្នុងម្នាក់ៗ១ម៉ឺនរៀល
*ប្រគេនបច្ច័យព្រះសង្ឈសម្រាប់ចង្ហាន់ព្រឹក ១០០ដុល្លារ
*ឧបត្ថម្ភមេឃុំទងត្រឡាច ក្នុងការរៀបចំកម្មវិធីនូវថវិកា ៧០០ដុល្លារ៕