អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ នៅវត្តពោធិវាល ឃុំគំរូ ស្រុកថ្មពួក នោះធ្វើការដោះស្រាយហើយបញ្ហាដែល នៅសេសសល់ និងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត។
នៅក្នុងវេទិកាសាធាណៈនេះត្រូវបានតំណាងប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក និងស្រុកស្វាយចេកបានលើកឡើងឱ្យរាជរដ្ឋាភិបាលអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធបន្ត ជួយដោះស្រាយ នោះ គឺបញ្ហាក្តីព្រួយបារម្ភលើទីផ្សារតម្លៃស្រូវចុះថោក,កង្វះទឹកធ្វើ ស្រែប្រាំង, ការជួសជុលផ្លូវដែលរងការខូចខាតនៅតាមមូលដ្ឋាន,ប្រព័ន្ធធារាសាស្រ្ត និងមានបញ្ហា ប្រឈមលើ ការអភិវឌ្ឍមូលដ្ឋានរបស់គាត់មួយចំនួនទៀតដែលតម្រូវឱ្យជួយដោះស្រាយជាបន្ទាន់នោះ។
នៅក្នុងឱកាសនោះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ដ៏មាន សារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងប្រុសទាំងស្រីក្នុងកិច្ចដំណើរការរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម ខេម ស៊ុម មានប្រសាសន៍ទៀតថា ការបើកវេទិកានេះឡើងបានផ្តល់ឱកាសក្នុងការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពី រដ្ឋបាល ថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកប ដោយសុចរិតភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គម ឱ្យកាន់តែល្អប្រសើរឡើង ម្យ៉ាងទៀតក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះប្រជាពលរដ្ឋ និងសង្គមជាតិទៀតផង ហើយមានគោលបំណងសំខាន់លើគោលនយោបាយការកែលម្អនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានាដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅតាមមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស។
ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យឯកឧត្តម ខេង ស៊ុម បន្តទៀតថា រាជរដ្ឋាភិបាលបានបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុតនិងជាការបោះជំហាន ទៅមុខយ៉ាងសំខាន់មួយក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ចក្នុងថ្នាក់មូលដ្ឋាន សំដៅពង្រឹងលទ្ធិប្រជាធិប តេយ្យជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីចូលរួមចំណែក កាត់បន្ថយភាពក្រីក្រឱ្យប្រកបដោយប្រសិទ្ធភាព៕