អភិបាលប៉ៃលិន អរគុណ សន្តិភាព ទើបធ្វើឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍដូចសព្វថ្ងៃ


(ប៉ៃលិន)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៤៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា នយោបាយឈ្នះឈ្នះរបស់សម្តេចជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពនៅទូទាំងប្រទេស។ ដូច្នេះសន្តិភាពនេះហើយ គឺបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រស់នៅដោយសុខសាន្ត ដោយចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ ជាពិសេសបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម។

ឯកឧត្តម ផាន់ ចាន់ធុល បានបញ្ជាក់ថា ជាក់ស្តែង ការស្ថាបនាផ្លូវបេតុង១ខ្សែរនេះ គឺមានតួនាទីជួយសម្រួលបានមួយកម្រឹត ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសិក្សារបស់ក្មួយៗសិស្សានុសិស្សផងដែរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងារ របស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស។

សូមបញ្ជាក់ថា ផ្លូវបេតុង ១ខ្សែដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺមានប្រវែង ៤៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដែលស្ថាបនាដោយក្រុមហ៊ុន បូ ពៅ ចំណាយថវិកាសរុបប្រមាណ ៤៤០០០ដុល្លារ ដែលជាគម្រោងថវិកាមូលនិធិឆ្នាំ២០១៩៕