រាជរដ្ឋាភិបាល ចេញសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ


រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ បានចេញសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ក្នុងសារាចរនេះបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ រួមមាន៖ ១. ការគ្រប់គ្រងការដ្ឋានសំណង់, ២. ការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់, ៣. ការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្ត, ៤. ការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីទីតាំងផលិតកម្ម, ៥. ការគ្រប់គ្រងការដុតសំណល់នៅទីចំហ, ៦. ការកែលម្អការគ្រប់គ្រង និងធ្វើឱ្យប្រសើរឡើងបរិស្ថានទីប្រជុំជន និងទី៧. ការបង្កើតប្រព័ន្ធតាមដាន និងព្យាករណ៍ការបំពុលខ្យល់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យ បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា ការដាក់ចុះឱ្យអនុវត្តសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនេះធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ទីតាំងប្រភពបំពុល ហើយម្យ៉ាងទៀតកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានសង្កេតឃើញថា ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចបៃតង។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ជាពិសេសគុណភាព ខ្យល់សាធារណៈនៅតាមទីប្រជុំជនធំៗដោយតាមដានលើកំហាប់ភាគល្អិតនិចលមានវិជ្ឈមាត្រតូចជា ២,៥ មីក្រូម៉ែត្រ (ហៅកាត់ថា PM2.5) ដែលមានការកើនឡើងក្នុងកម្រិតអាចបង្កហានិភ័យដល់ សុខភាព សាធារណៈនិងគុណភាពបរិស្ថាន។

ឯកឧត្តមបានបន្តថា ជាការកត់សម្គាល់ ប្រភពនិងសកម្ម ភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត និងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា បច្ចុប្បន្ននេះ គុណភាពខ្យល់សាធារណៈនៅកម្ពុជាមានគុណភាពល្អ ហើយ កម្រិតកំហាប់ភាគល្អិត និចល PM2.5 មានការប្រែប្រួលក្រោមកម្រិតស្តង់ដារប្រកាសអាសន្ន។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា តាមមន្ត្រីបច្ចេកទេសក្រសួងបរិស្ថានដែលបានធ្វើការតាម ដានគុណភាពខ្យល់ ប្រភពបំពុលសំខាន់ៗដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវកំហាប់ភាគល្អិតនិចលក្នុងខ្យល់ PM2.5 នាដើមរដូវប្រាំងឆ្នាំនេះក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីប្រភពបំពុល សំខាន់៖ ៧០% មកពីការបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលមានកំហាប់ស្ពាន់ធ័រខ្ពស់ ២០% ពីធូលីចេញពីការដ្ឋានសំណង់និងរោងចក្រលាយបេតុង ១០%មកពីប្រភពផ្សេងៗរួមមាន៖ ការដុតសំរាមនៅតាមលំនៅដ្ឋាន ធូលីដីនៅតាមដងផ្លូវ ការបញ្ចេញពីរោងចក្រ និងសិប្បកម្មជាដើម។ ដើម្បីរក្សាបាននូវគុណភាពខ្យល់សាធារណៈនៅល្អប្រសើរដដែល ចាំបាច់ត្រូវមានវិធានការ គ្រប់គ្រងឱ្យបានល្អជាមុន ហេតុដូច្នេះបានជារាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តនូវសារាចរស្តីពីវិធាន ការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។

ខាងក្រោមនេះគឺជាសារាចរស្តីពីវិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ៖