ឯកឧត្តមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ប្រកាសតែងតាំង លោក រស់ សុវាចា ជាអគ្គលេខាធិការគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា


ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ទំនុកចិត្តតែងតាំង ជាអគ្គលេខាធិការគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា ហៅកាត់ថា ACC។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា គណៈកម្មការ ACC ដើរតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងគុណភាពវិស័យអប់រំ កម្រិតឧត្ដមសិក្សានៅកម្ពុជា។ លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានផ្ដាំផ្ញើថា ការបង្កើតអង្គភាពនីមួយៗ ទាមទារថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ដើរទាន់សម័យកាលនីមួយៗ ទាមទារពេលវេលា ការគ្រប់គ្រង និងការចូលរួមទាំងអស់គ្នា។

ក្នុងឱកាសនៃការទទួលតំណែងនេះ ឯកឧត្តម រស់ សុវាចា បានប្ដេជ្ញាចិត្តលើ៧ចំណុចដូចជា៖

ទី១៖ ជំរុញ ACC ពង្រឹងការអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។

ទី២៖ ដឹកនាំការរៀបចំសេចក្ដីព្រាងចុងក្រោយ ផែនទីចង្អុលផ្លូវ និងផែនការយុទ្ធសាស្ត្ររបស់ ACC (២០២០-២០៣០) ដើម្បីស្នើសុំការពិនិត្យ សម្រេចពីលោករដ្ឋមន្ត្រី។

ទី៣៖ បន្តខិតខំប្រឹងប្រែងបំពេញការងារ ឲ្យអស់លទ្ធភាពក្នុងនាមជាអគ្គលេខាធិការ ACC ដោយកិច្ចសហការជាវិជ្ជមាន ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រោមកិច្ចសហការរវាងគ្នា និងគ្នា ក្នុងចង្កោម ACC ទាំងមូល និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងចង្កោមគ្រួសារ ACC ប្រកបដោយកិច្ចសហការពីសំណាក់ដៃគូអភិវឌ្ឍ ក៏ដូចជាវិស័យឯកជន និងសមាគមគ្រឹះស្ថានឧត្ដមសិក្សានៅកម្ពុជាជាដៃគូយុទ្ធសាស្ត្រ។

ទី៤៖ លើកកម្ពស់សាមគ្គីភាព និងសមត្ថភាព ACC។

ទី៥៖ ដឹកនាំ ACC គោរពទទួលអនុវត្តសេចក្ដីជូនដំណឹង របស់ទីស្ដីការគណរដ្ឋមន្ត្រី លេខ ១៨៨៣ សជណអវ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ទី៦៖ ដឹកនាំ ACC គោរពទទួលតាមចំណារឯកភាព របស់លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើលិខិតចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ដីពី លទ្ធផលនៃកិច្ចពិភាក្សាក្រុមការងារផ្នែកអប់រំ នៃវិស័យឯកជនលើសំណូមពរ ពាក់ព័ន្ធអនុវិស័យឧត្ដមសិក្សា។

ទី៧៖ ដឹកនាំ ACC លើកកម្ពស់ការចូលរួម ពង្រឹងគុណភាពកម្ពុជា តាមគ្រប់រូបភាពដែលធ្វើបាន ក្នុងន័យឆ្លើយតបចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ២០៣០ និង២០៥០ ដោយពង្រឹងការផ្សារភ្ជាប់ផែនការ ប្រតិបត្តិប្រចាំឆ្នាំនីមួយៗរបស់ ACC ទៅនឹងផែនការយុទ្ធសាស្ត្រអប់រំ និងអាទិភាពកំណែទម្រង់អប់រំ។

សូមជម្រាបថា ការបង្កើតគណៈកម្មការ ACC មានរយៈពេល១៥ឆ្នាំមកហើយ៕