ពិធីប្រគល់Tablets (ថែបប្លែត)ជូនឃុំ សង្កាត់ ខេត្តរតនគិរី សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ


នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់Tablets ជូនឃុំ សង្កាត់ ខេត្តរតនគិរី សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានលើឡើងថាផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ នៅថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៩នេះ ដែលចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី១ ជាដំណាក់កាលអន្តរកាល ដែលប្រគល់ភារកិច្ចអនុវត្ត កម្មវិធីពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាដើម្បីគ្រប់គ្រង និងអនុវត្តបន្តពីក្រសួងសុខាភិបាលដែលគ្រោងចាប់ពីខែ មករា ឆ្នាំ២០២០ តទៅ។

ឯកឧត្តមអភិបាលខេត្តបានស្នើសូមក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទទួលបន្ទុកទាំងអស់ ផ្សព្វផ្សាយណែនាំដល់ក្រុមគោលដៅដែលត្រូវទទួលផលឲ្យបានទូលំទូលាយ និងប្រើប្រាស់ឧបករណ៍សម្ភារៈដែលបានផ្តល់ជូនឲ្យចំគោដៅ ផ្តល់ទិន្នន័យឲ្យបានច្បាស់លាស់ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំកាយសម្បទា និងបញ្ញាស្មារតី។ ឃុំ សង្កាត់ ពង្រឹកការងារផ្តល់សេវាជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសខាងលើនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការយកចិត្តទុកដាក់លើសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសចូលរួមក្នុងពិធីឆ្លងឆ្នាំសកល ទទួលបានភាពសប្បាយរីករាយ៕