ស្ថានទូតអាមេរិក និងអូស្ត្រាលី រំលែកទុក្ខជាមួយជនរងគ្រោះ ពីការបាក់អគារនៅកែប


មកដល់ពេលនេះ គេ ឃើញមានស្ថានទូត២ហើយ គឺស្ថានទូតអាមេរិកនិងស្ថានទូតអូស្រ្តាលី ដែលបានចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់ នៅក្រុងកែប។ស្ថានទូតអាមេរិក សរសេរលើទំព័រហ្វេសប៊ុក ដូច្នេះថា៖«យើង សូមបួងសួងដល់គ្រួសារជនរងគ្រោះ និងអ្នកដទៃទៀត ដែលទទួលរងគ្រោះ ហើយយើងសូមសម្តែងការគាំទ្រទាំងស្រុង ចំពោះការខិតខំជួយសង្រោះ ដែលកំពុងបន្ត»។

តាមរយៈទំព័រហ្វេសប៊ុកដែរនោះ ស្ថានទូតអូស្រ្តាលី សរសេរបែបនេះថា៖«យើង បួងសួងសម្រាប់ប្រតិបត្តិការជួយសង្គ្រោះនេះ។ យើង នៅតែប្តេជ្ញាធ្វើការជាមួយប្រទេសកម្ពុជា ក្នុងការកែលម្អស្តង់ដារសុវត្ថិភាពផ្នែកសំណង់»។

អគារដែលកំពុងសាងសង់នេះ បានបាក់រលំនៅម៉ោងជាង៤ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ គិតត្រឹមម៉ោង៥ព្រឹកថ្ងៃទី៤ ខែមករា សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះជាកម្មករសំណង់២៥នាក់ហើយ ដោយមាន៧នាក់ បានបាត់បង់ជីវិត។  សមត្ថកិច្ច បានចាប់លោក ឯក សារុន និង ភរិយា ជាម្ចាស់សំណង់នេះ យកទៅសួរនាំហើយ។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានបង្កើតគណៈកម្មមួយ ដើម្បីធ្វើកោសលវិច័យលើការសាងសង់អគាររបស់លោក ឯក សារុន៕