(ភ្នំពេញ)៖រហូតមកដល់ម៉ោងនេះក្រុមប្រតិបត្តិការ ជួយសង្គ្រោះជនរងគ្រោះនៅក្រោមអគារដួលរំលំកំពស់ ៦ ជាន់នៅក្រុងកែបនៅតែបន្តសកម្មភាពដែលតុល្យកាលនៃការរុករកបានរកឃើញ មនុស្សចំនួន២៥នាក់ហើយដែលក្នុងនោះមានជនរងគ្រោះ ៧ នាក់បានស្លាប់អ្នកនៅរស់រានមានជីវិត១៨ នាក់។ ប្រតិបត្តិការស្ថិតក្រោមការបញ្ជាផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាពេញមួយយប់តែម្តង ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានចុះផ្ទាល់ដើម្បីជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែបនៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់តាមរយៈហ្វេសបុកផ្លូវការរបស់សម្តេចថា៖«មកទល់នឹងព្រឹកនេះក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់ រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀតខណៈគិតត្រឹមម៉ោង៥ព្រឹកជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញក្នុងនោះស្លាប់៧នាក់»។
សម្តេចតេជោនាយរដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតនៅក្នុងការបញ្ជាផ្ទាល់នៅកន្លែងបាក់អគារនៅក្នុងក្រុងកែប ពេញមួយយប់ខណៈក្រុមការងារជួយសង្គ្រោះក៏ធ្វើ សកម្មភាពរុករកពេញមួយយប់ដូចគ្នាដែរ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើដំណើរពីភ្នំពេញទៅដល់កន្លែង បាក់ស្រុតអគារនៅម៉ោងជាង ៩ យប់ថ្ងៃទី៣ខែ មករា។ សម្តេចបានស្ថិតនៅកន្លែងកើតហេតុពេញមួយយប់ដោយមិននិយាយស្តីច្រើនទេ គេសង្កេតឃើញសម្តេចពិតជានៅមិនសុខក្នុងចិត្ត ម្តងឈរ ម្តងអង្គុយ ។ ពេលខ្លះសម្តេចដើរទៅពិនិត្យមើលសកម្មភាពប្រតិបត្តិការរុករក និង សកម្មភាពកាយគំនរថ្មដែលមានអមដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងៗ ទៀត និងធ្វើ ដំណើរទៅវិញទៅមកពីកន្លែងបាក់អគារទៅសួរសុខទុក្ខជនរងគ្រោះដែល ជួយសង្គ្រោះបានពីកន្លែងបាក់អគារនៅនៅមន្ទីរពេទ្យក្បែរៗនោះ និង បានជួបគ្រួសារ ជនរង់គ្រោះសដែងនូវសមានទុក្ខ ។
អគារកម្ពស់៧ជាន់កម្មសិទ្ធិរបស់ជនជាតិខ្មែរដែលស្ថិតនៅក្នុង ការសាងសង់បាន ៩០ ភាគរយបានបាក់ស្រុតកាលពីរសៀលថ្ងៃទី ២៣ ខែមករានៅពេលកំពុង ដំណើរការសាងសង់នៅជាន់ទី៧ជាជាន់ចុងក្រោយ ។ ម្ចាស់អគារនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរក្រោយ ហេតុការណ៍បាក់រលំអគារភ្លាម។គេ សន្និដ្ឋានថាមានជនរងគ្រោះប្រមាណ ២០ ទៅ៣០នាក់ដែលជាអ្នកម៉ៅការនិងកម្មករសំណង់ដែលកប់នៅក្នុងនេះ។អគារ នេះមានម្ចាស់ជាជនជាតិខ្មែរដែលមាន ឈ្មោះថា ឯក សារុណ(ប្តី)និង ឈីវ សុធី(ប្រពន្ធ)មានលំនៅបច្ចុប្បន្នភូមិ១សង្កាត់៣ ក្រុងព្រះសីហនុបានបើកការសាងសង់នៅថ្ងៃទី២០ខែសីហាឆ្នាំ២០១៩។
បន្ទាប់ពីឧបទ្ទេវហេតុបាក់អគារ ៧ជាន់នៅខេត្តកែប លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគាររបស់ឈ្មោះ ឯក សារុន និង ប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់រលំនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។ គណៈកម្មការនោះមានសមាសភាព ១១រូប ដឹកនាំដោយលោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន ។
នេះជាករណីបាក់អគារលើកទីបីហើយដែលបានសម្លាប់មនុស្ស ។ កាលពីចុងឆ្នាំ២០១៩ អគារវិនិយោគរបស់ជនជាតិចិនកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ គ្មានច្បាប់អនុញ្ញាតនៅខេត្តព្រះសីហនុ បានបាក់រលំបណ្ដាលឱ្យ កម្មករសំណង់ស្លាប់ ២៨នាក់ និងរបួស ២៦នាក់។ បន្ទាប់មកនៅដើមខែធ្នូមានករណីបាក់កុដិ កម្មករបីនាក់ស្លាប់ក្នុងករណីបាក់កុដិនិងបណ្ដាលឱ្យកម្មករច្រើននាក់ រងរបួសនៅខេត្តសៀមរាប។ក្រោយហេតុការណ៍បាក់រលំអគារខេត្តព្រះសីហនុ តុលាការបាន សម្រេចឃុំខ្លួនជនជាតិចិន៤នាក់ដែលជាម្ចាស់អគារនោះព្រមទាំងម្ចាស់ ក្រុមហ៊ុនម៉ៅការសាងសង់អ្នកមើលការខុសត្រូវការដ្ឋានសាង សង់និងមេជាងសំណង់ផងដែរ ៕