គិតមកដល់ម៉ោង ៥ ព្រឹកនេះ ជនរងគ្រោះដែលត្រូវអគារ ៧ជាន់ រលំលើនៅខេត្តកែបកើនឡើងអ្នករបួសចំនួន២៥នាក់ និងអ្នកស្លាប់រហូតដល់ទៅ ៧នាក់ ខណៈក្រុមសង្រ្គោះ 711 ព្រមទាំងសមត្ថកិច្ចជាច្រើននាក់ កំពុងបន្តប្រតិបត្តិការយ៉ាងសកម្មក្នុងការស្វែងរកជនរងគ្រោះបន្តទៀត។ គួរបញ្ជាក់ថាយោងតាមការបញ្ជាក់របស់លោកផែង វណ្ណៈ បានសរសេរថា នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកែប បានចុះពិនិត្យសំណង់អាគារនោះឃេីញថា សង់ខុសពីលិខិតអនុញ្ញាត ។
ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់ ៥ ជាន់ទេ តែម្ចាស់សំណង់សង់ឡេីងបន្តរហូតដល់ ៧ ជាន់ បណ្ដាលអោយបាក់រលំនៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ តែម្ដង ។ ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មិនព្រមចេញលិខិតផ្អាក ឬ បញ្ឈប់ការសាងសង់ ហេីយនៅតែបន្តអោយសាងសង់ គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប។