អភិបាលខេត្តកំពង់ចាម ចូលរួមបេីកការប្រកួតកីឡាមហាជន ដេីម្បីអបអរសាទរទិវាជ័យជំនះ ថ្ងៃ ៧ មករា


កំពង់ចាម : ដេីម្បីអបអរសាទរ ទិវា ជ័យជំនះ ខួបលេីកទី៤១ឆ្នាំ ថ្ងៃ ៧មករាឆ្នាំ១៩៧៩ – ២០២០ មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត ដោយ មាន ការ សហការ ជាមួយ រដ្ឋបាល ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ៤ ខែមករា ឆ្នាំ ២០២០នេះ បានប្រារព្ធពិធី បេីក ការ ប្រកួតកីឡាមហាជន ជ្រេីសរេីសជេីងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៩ -២០២០ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ដោយ មាន ការ អញ្ជេីញចូលរួមពី អភិបាល រង ខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត លោក គ្រូ អ្នកគ្រូ និង ប្អូនៗ សិស្សានុសិស្ស ជាច្រើន រូប ផង ដែរ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែល ប្រមុខ រដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និង កីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និង កត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូម ឲ្យ យុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា ឲ្យ បានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យ សមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។
ជាមួយគ្នា នោះ ឯកឧត្ដម អភិបាលខេត្ត ក៏បាន ធ្វើ ការ កោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដែលមានការសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធ មានសាលាក្រុង/ស្រុក អង្គការសង្គមស៊ីវិល ដែលបានបំពេញភារកិច្ច លើកស្ទួយដល់វិស័យកីឡា ហើយ ក៏សូម ឲ្យ កីឡាករ កីឡាការិនីទាំងអស់ ត្រូវ ខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណី វប្បធម៌ ក្នុងពេលប្រកួត ឲ្យ បានខ្ជាប់ខ្ជួន ដើម្បីដណ្តើមយកជ័យជំនះជូនមន្ទីរ អង្គភាពរបស់ខ្លួន និងបានក្លាយខ្លួនទៅជាកីឡាករ កីឡាការិនីឆ្នើម សម្រាប់ទៅចូលរួមប្រកួត នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេស ចូលរួម ប្រកួត ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល កម្ពុជាយេីង ធ្វើ ជា ម្ចាស់ ផ្ទះ ផងដែរ។
ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វេីឡេីងដេីម្បីចូលរួមចំណែកលេីកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រេីនជាលំដាប់ ស្របពេលដែលប្រទេសជាតិយេីងមានសុខសន្តិភាព និងចូលរួមអបអរសាទរ ទិវា ជ័យជំនះ ខួបទី៤១ ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩-២០២០ ដោយសារ ការដឹកនាំគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានធ្វេីឲ្យប្រទេសជាតិ ក៏ដូចប្រជាជនកម្ពុជាបានរួចផុសពីរបបដ៏ខ្មៅងងឹត និងពោលពេញទៅដោយភាពឈឺចាប់បំផុតដែលមិនអាចបំភ្លេចបានឡេីយ។ ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយេីង ត្រូវ រួម គ្នា ថែរក្សានូវសុខសន្តិភាពនេះឲ្យបាន គង់វង្ស យូរ អង្វែង និងកាន់តែអភិវឌ្ឍន៍រីកចម្រេីនទៅមុខជាបន្តទៀត។

គួរបញ្ជាក់ផងដែរថា ប្រភេទកីឡាដែលបានដាក់ឲ្យចូលរួមប្រកួតមហាជនជ្រេីសរេីសជេីងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៩-២០២០ នេះ រួមមាន៖ កីឡាបាល់ទាត់ កីឡាបាល់បោះ កីឡាបាល់ទះ កីឡាប៉េតង់ប៊ូល កីឡាហែលទឹក កីឡាវាយកូនឃ្លីលេីតុ និង កីឡាវាយសី ហេីយក្រុមកីឡាដែលចូលរួមសរុបមាន៨០ក្រុម និងកីឡាករសរុបចំនួន៧៥៩នាក់ ក្នុងនោះមានកីឡាការនី សរុប១៤៦នាក់ ផងដែរ៕