សម្តេចប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខ ជូនក្រុមគ្រួសារសព ឧបាសិកា តោ ឡោ ត្រូវជាម្តាយបង្កើត ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់


(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខសព ឧបាសិកា តោ ឡោ ត្រូវជាម្តាយបង្កើត ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាថ្ងៃទីអាទិត្យ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។

ក្នុងខ្លឹមសារលិខិត សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា “ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំជាទីបំផុតចំពោះមរណភាព ឧបាសិកា តោ ឡោ ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ដោយជរោពាធ ក្នុងជន្មាយុ៩៤ឆ្នាំ”។

សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្តទៀតថា ការបាត់បង់រូបកាយ ឧបាសិកា តោ ឡោ គឺជាការបាត់បង់នូវមាតា ជីដូន ជាទីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌សម្រាប់កូនៗ និងចៅៗទាំងអស់។ រូបកាយ ឧបាសិកា តោ ឡោ បាត់បង់ទៅពិតមែនប៉ុន្តែកិត្តិយស សេចក្តីថ្លៃថ្នូរ និងអំពើជាកុសលក្នុងការបូជាកម្លាំងកាយចិត្ត ដើម្បីអប់រំ បីបាច់ថែរក្សាបុត្រា បុត្រី ចៅប្រុស ចៅស្រី អោយក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់ជាតិ ពិតជាមិនបាត់បង់ឡើយ។

សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខ័ន្ធរបស់ ឧបាសិកា បានទៅសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។