លោកជំទាវ ម៉ែន សំអន ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទេវហេតុបាក់រលំអគារ ក្នុងខេត្តកែប


(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុបាក់រលំ អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្រុងកែប ខេត្តកែប ដែលបានបណ្តាលឱ្យ មានមនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីវេលាម៉ោង៤៖១៥នាទី រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញក្តីសោយស្តាយយ៉ាងដូច្នេះថា៖ «ជាមួយហេតុការណ៍ដ៏សោកសង្រេងនេះនាងខ្ញុំ និងក្រុមគ្រួសារសូមសំដែង នូវការសោកស្តាយជាពន់ពេក ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួង ឱ្យដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ នាងខ្ញុំសូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យទាំងអស់ឆាប់បានជាសះស្បើយកុំបីខាន»។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏សូមកោតសរសើរ និងសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមការងារ ជួយសង្គ្រោះដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត រួមគ្នាជាធ្លុងមួយដោយមិនខ្វាយខ្វល់ពីសុវត្ថិភាព និងការលំបាកផ្ទាល់ខ្លួន ក្នុងបេសកកម្មជួយ សង្គ្រោះជនរងគ្រោះ និងសូមលើកទឹកចិត្តឱ្យបន្តបេសកកម្មនេះ ដើម្បីជាតិ និងប្រជាជនរបស់យើង។ លោកស្រីនៅតែបន្តគាំទ្រ និងសូមលើកទឹកចិត្ត ឱ្យមានការរួបរួមគ្នានៅគ្រប់កាលៈទេសៈគ្រប់ការលំបាក ដើម្បីបន្តបេសកកម្មមនុស្សធម៌នេះ បន្តទៅមុខទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានគាំទ្របេសកកម្មនៃការលះបង់កម្លាំងកាយចិត្តមិនរាថយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចុះផ្ទាល់ដឹកនាំកម្លាំងចម្រុះ ប្រើអស់គ្រប់មធ្យោបាយ ដើម្បីសង្គ្រោះជនរងគ្រោះក្នុងរយៈពេលដ៏ខ្លី៕