ទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំថ្នាក់ដឹកនាំខេត្តរតនគិរី បន្តទំនាក់ទំនង និងសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំខេត្តយ៉ាឡាយ និងខេត្តកន្ទូម រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជាប្រយោជន៍សម្រាប់ ប្រទេសទាំង២


(រតនគិរី)៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាគណៈអធិបតី និងបំពាក់មេដៃជូនថ្នាក់ដឹកនាំខេត្តយ៉ាឡាយ និងកន្ទូម នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងដឹកនាំ និងអភិវឌ្ឍ ខេត្តរតនគិរី តាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី បានស្នើសុំថ្នាក់ដឹកនាំខេត្តរតនគិរី បន្តទំនាក់ទំនង និងសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំខេត្តយ៉ាឡាយ និងខេត្តកន្ទូម ដើម្បីរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការអភិវឌ្ឍ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំង២។

ជាងនោះទៅទៀត ទេសរដ្ឋមន្ត្រី ក៏បានរំលឹកនូវទំនាក់ទំនងល្អជាប្រពៃណីយ៍រវាងប្រទេសកម្ពុជាតាំងពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដល់សព្វថ្ងៃ ជាពិសេសទេសរដ្ឋមន្ត្រី សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ បងប្អូនកងទ័ពវៀតណាម បានចូលរួមរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមការស្នើសុំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាពេលកន្លងមក៕