នៅសាលប្រជុំសាលាខេត្តកំពត កាលពីព្រឹកថ្ងៃច័ន្ទ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្តពិនិត្យពិភាក្សា និងសម្រេចលើសំណើរបស់រដ្ឋបាលក្រុងស្រុកក្នុងដំណើរការសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុក និងផ្សព្វផ្សាយសេចក្ដីណែនាំលេខ០៥៥ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្ដីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្ដល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ។
កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អភិបាល និងមន្ត្រី ពាក់ព័ន្ធក្រុងស្រុក សរុប៥៥នាក់។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានចាត់ទុកកិច្ចប្រជុំនាពេលនេះ គឺជាការងារចាំបាច់ក្នុងការអនុវត្តនូវកំណែទម្រង់ថ្មី ស្របទៅនឹងគោលនយោបាយ កំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺក្នុងន័យឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានស្វ័យភាព ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម អភិបាលខេត្ត ក៏បានលើកបញ្ជាក់ទៀតថា ដោយផ្អែកលើនយោបាយកំណែទម្រង់នេះ ដូច្នេះសូមឲ្យក្រុមការងារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារនេះឱ្យបានរួសរាន់ដើម្បីរៀបចំបញ្ជូនទៅ គ.ជ.អ.ប ពិនិត្យសម្រេច បាន ទាន់ពេលវេលាតាមសេចក្ដីណែនាំ និងតាមការកំណត់របស់ថ្នាក់ជាតិដែលកំពុងពន្លឿនលើការងារសមាហរណកម្ម បុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលនឹងដំណើរការអនុវត្ត នូវរចនាសម្ព័ន្ធថ្មី ក្នុងខែមករាឆ្នាំ២០២០ ខាងមុខនេះ។
ជាមួយឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសំណូមពរស្នើឱ្យ នាយករដ្ឋបាលខេត្តធ្វើការផ្សព្វផ្សាយខ្លឹមសារលិខិតលេខ ០៥៥ស.ណ.ន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃស្ដីពីការធានានិរន្តរ៍ភាពការងាររដ្ឋបាល និងការផ្ដល់សេវាក្នុងដំណេីរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។