ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវ អាហាររូបករណ៍បន្ថែមទៀតដល់និស្សិត​ និងវគ្គបណ្តុះបណ្តាល ដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce)


(ភ្នំពេញ)៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់រង្វាន់ជ័យលាភីក្នុងការប្រកួតប្រជែងតែងអត្ថបទស្តីពី « រឿងព្រេងប្រទេសចិនរបស់ខ្ញុំ » ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ រៀបចំដោយស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច អមស្ថានទូតចិន ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានលើកឡើងថារាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយកម្ពុជា​នៅតែអាចរក្សានូវកំណើននាំចេញបានក្នុងរង្វង់១០% ទោះបីទីផ្សារនាំចេញមានភាពរអាក់រអួលដែលបណ្តាលមកពី​​សង្គ្រាម​ពាណិជ្ជកម្ម និងគោលនយោបាយគាំពារនិយមដែលដាក់ចេញដោយប្រទេសមហាអំណាចមួយចំនួនក៏ដោយ។ វិស័យពាណិជ្ជកម្ម នៅតែជាកម្លាំងចលករ និងជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងចំណោមកត្តាផ្សេងទៀត ក្នុងការជួយឲ្យកម្ពុជាយើងអាចរក្សាបាននូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់គិតជាមធ្យមប្រមាណ ៧%ក្នុងមួយឆ្នាំ ។ ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មច្បាស់​លាស់ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការបន្តធ្វើសេរីភាវូបនីយកម្មនិងសមាហរណកម្មក្នុងតំបន់និងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី គឺជាកិច្ចការចាំបាច់បំផុតសម្រាប់ការដោះដូរពាណិជ្ជកម្ម ។

ឯកឧត្តម បន្តទៀតថា តាមរយៈទំនាក់ទំនងរវាងចិន និងកម្ពុជាយើងសម្រេចបាននូវសមិទ្ធិផលជាច្រើនដូចខាងក្រោម៖

− នៅក្នុងឆ្នាំ២០១៨ ទំហំវិនិយោគចិននៅកម្ពុជាមានទឹកប្រាក់រហូតដល់ទៅ ៦ពាន់លានដុល្លា។

− ទំហំពាណិជ្ជកម្មកម្ពុជា ចិន នៅឆ្នាំ២០១៨ មានចំនួនជាង ៧ពាន់លានដុល្លា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ នេះទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបាន ជាង៦,៣០០លានដុល្លា។

− ហើយនៅឆ្នាំ២០១៩ នេះរដ្ឋាភិបាលចិនបានផ្តល់កូតានាំអង្ករពីកម្ពុជាចំនួន ៤០ម៉ឺនតោន។

− មានរោងចក្រជាង៧០០ ក្នុងចំណោមជាង ១ពាន់រោងចក្រជារបស់ ក្រុមហ៊ុនចិន ដែលបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ។

គិតត្រឹមឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ០៤ នៅសាធារណរដ្ឋប្រជាមានិតចិន ដូចខាងក្រោម៖

១. មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ
២. មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហាយនីង
៣. មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងស៊ីអាន
៤. មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហុងកុង

មជ្ឈមណ្ឌលពាណិជ្ជកម្មទាំងអស់នោះជាទីតាំងសម្រាប់ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយរកទីផ្សារសម្រាប់ផលិតផលសក្តានុពល កម្ពុជាដូចជា អង្ករ ម្រេច ស្ករត្នោត អំបិល កាហ្វេ ទឹកផ្លែឈើ ស្រាបៀរ គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ក្រមា វត្ថុអនុស្សាវរីយ៍ និងសៀវភៅផ្សព្វផ្សាយអំពី វិនិយោគ និងទេសចរណ៍។ ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា ការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបើកច្រកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញនិងសេវារបស់កម្ពុជា ដែលនេះជាគោលដៅយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ ។ ការពង្រីកបាននូវទីផ្សារនាំចេញដែលមានលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ពីការពឹងផ្អែកតែទៅលើភាពអនុគ្រោះពន្ធដែលមានលក្ខណៈបណ្តោះអាសន្ន។ មិនតែប៉ុណ្ណោះ វានឹងជួយឲ្យរដ្ឋាភិបាលអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ និងទទួលបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូល​ខ្ពស់ក្នុងឆ្នាំ២០៥០។
ឯកឧត្តម បានស្នើសុំឲ្យភាគីចិន តាមរយៈ លោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច អមស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម៖
− ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវវគ្គបណ្តុះបណ្តាល និងអាហាររូបករណ៍បន្ថែមទៀតដល់ និស្សិត​ និងមន្រ្តីរាជការដែលជាយុវជនរបស់ក្រសួងពាណិជ្ជកម្មផ្តោតទៅលើប្រធានបទដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មដូចជា៖ E-Commerce, E-Government, Digital Economy, International Trade, Commercial Data Collections ។ល។
− សុំជួយជំរុញអ្នកវិនិយោគចិនឲ្យបានកាន់តែច្រើនបន្ថែមទៀតមកធ្វើការបណ្តាក់ទុននៅកម្ពុជា
− ស្នើភាគីចិនជួយជំរុញដំណើរការនៃកិច្ចចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាង
កម្ពុជា -ចិន ឲ្យបានឆាប់

− បន្ថែមលើមុខទំនិញអង្ករ ស្នើឲ្យភាគីចិន ជួយទិញផលិតផលកសិកម្មមួយចំនួនបន្ថែមទៀតដូចជា ផ្លែចេក ស្វាយ ដំឡូងមី មៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច និងដូង។