សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិធីបុណ្យជាតិ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤១ទិវាជ័យជម្នះ ៧មករា នៅរដ្ឋធានីប៉េកាំង


នាល្ងាចថ្ងៃទី៧ ខែមករា សមាគមនិស្សិតប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានរៀបចំពិធីបុណ្យជាតិ ខួបអនុស្សាវរីយិ៍ អបអរសាទរទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – មករា ២០២០)និងមានការរៀបចំអាហារសាមគ្គី ក្រោមអធិបតីភាពរបស់ លោក ស្រេង សាតារ៉ូ ទីប្រឹក្សាស្ថានទូត, លោក ហោ សេរីវឌ្ឍន៍ ប្រធានគណៈប្រតិភូយុវជនកម្ពុជា,
លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិត, លោក ហេង ជិនហាក់ ប្រធានក្រុមប្រឹក្សាភិបាលសមាគម, និងលោក ណុប វាសនា ប្រធានសមាគមនិស្សិត អាណត្តិទី៣ ព្រមទាំងមានការចូលរួមដោយមន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន, គណៈប្រតិភូយុវជនកម្ពុជាដែលមកពីកម្ពុជា និងតំណាងក្រុមនិស្សិតទូទាំងប្រទេសចិននៃសមាគមនិស្សិត រួមជាមួយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១២០នាក់។​ នេះជាលើកទី៣ ដែលសមាគមបានរៀបចំពិធីបុណ្យជាតិ អបអរសាទរ ជ័យជម្នះ ៧មករា គិតពីឆ្នាំ ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។​

លោក ណុប វាសនា ប្រធានសមាគម បានមានមតិស្វាគមន៍ចំពោះគណៈធិបតី និងអង្គពិធី ព្រមទាំងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ចំពោះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន និង គណៈប្រតិភូយុវជនកម្ពុជាដឹកនាំដោយ លោក ហោ សេរីវឌ្ឍន៍ តំណាងឲ្យ ឯកឧត្តម កែ ប៊ុនខៀង និងឯកឧត្តម ហ៊ុន ម៉ាណែត បានគាំទ្រ និងចូលរួមឧបត្ថម្ភកម្មវិធី។

លោក ស្រេង សាតារ៉ូ បានអានសន្ទុរកថារបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញពីអត្ថន័យនៃទិវាជ័យជម្នះ៧មករា ដែលជាការលះបង់សាច់ស្រស់ ឈាមស្រស់របស់វិរជនជំនាន់មុន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំតស៊ូ រំដោះប្រទេសឲ្យរួមផុតពីរបបខ្មៅងងឹតមួយនេះ ជាពិសេសអត្ថន័យសន្តិភាពដែលជាតម្រូវការចំបាច់បំផុតសម្រាប់ការរស់នៅ និងការអភិវឌ្ឍប្រទេសជាតិ។

លោក ហេង ជិនហាក់ តំណាងអង្គពិធី បានឡើងប្តេជ្ញា ការពារស្មារតី៧មករា ដែលជាស្នូលដ៏រឹងមាំនៃការអភិវឌ្ឍ ការ​ពង្រឹង​​សន្តិភាព សេ្ថរភាពនយោបាយ និងការការពារឯករាជ្យ អធិតេយ្យភាព បូរណភាព​ទឹកដី​នៃកម្ពុជា និងប្តេជ្ញា ការពារ និងពង្រីករាល់សមិទ្ធផលសង្គមជាតិ ដែលសម្រេចបានតាំង​ពីថ្ងៃ​ជ័យ​ជម្នះ ៧ មករា ឆ្នាំ១៩៧៩ ព្រមទាំងប្តេជ្ញា ការពារដាត់ខាត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទី​គោរព​ស្រឡាញ់ និង​បន្តគាំទ្រឥតងាករេនូវការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោជានាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា។​

លោក ហោ សេរីវឌ្ឍន៍ បានពាំនាំការសួរសុខទុក្ខពោរពេញដោយក្តីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំយុវជនកម្ពុជាជាពិសេស ឯកឧត្តម កែ ប៊ុនខៀង និងឯកឧត្តម ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់និស្សិតយើងជានិច្ច។

លោកក៏បានរំលេចអំពីអត្ថន័យទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា និង នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញក្រោយឆ្នាំ១៩៩៨ ជាពិសេសអត្ថន័យនៃការចូលរួមគាំទ្រសារនយោបាលរបស់សម្តេចតេជោ “អរគុណសន្តិភាព”​ ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។

លោកក៏បានរំលឹកដល់និស្សិតទាំងអស់ដែលជាយុវជនពិតជាចាំបាច់ណាស់ ក្នុងការចូលរួមរក្សាសន្តិភាព ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ។ យើងជាយុវជនពិសេសសុទ្ធតែជាបញ្ញវ័ន្ត ចាំបាច់ណាស់ក្នុងការចូលរួមទប់ស្កាត់ កុំឲ្យមានរបបដ៏សែនខ្មៅងងឹតនេះ កើតឡើងវិញបាន និងបន្តដើរតួរសំខាន់នៅក្នុងសង្គមជាតិតាមការចូលរួមអភិវឌ្ឍន៍ខ្លួនឯងពេលរៀននៅក្រៅប្រទេស និងត្រឡប់ទៅវិញចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាសំដៅសម្រេចចក្ខុវិស័យកំណត់ដោយសម្តេចតេជោ នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខ៕