អភិបាលខេត្តកំពង់ចាម ណែនាំឲ្យកម្មករ-កម្មការិនី ចំណាយពេលអានសៀវភៅឲ្យបានច្រើនជាងការលេងហ្វេសប៊ុក


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងណែនាំដល់កម្មករ-កម្មការិនីរោងចក្រ ឲ្យងាកមកចំណាយ ពេលអានសៀវភៅឱ្យបានច្រើន ជាងការចំណាយពេលលេងហ្វេសប៊ុក ដើម្បីជាប្រយោជន៍បង្កើនចំណេះដឹង ប្រើជាប្រយោជន៍របស់គ្រួសារ និងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្តបានណែនាំដូច្នេះ នាថ្ងៃទី៩ ខែមករាឆ្នាំ ២០២០ ក្នុងពិធីសម្ពោធបណ្ណាល័យមណ្ឌលធនធាន នៃរោងចក្រមេតថេកក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានកម្មករ- កម្មការិនីចូលរួមជាង ៣០០០នាក់។

អភិបាលខេត្តបានថ្លែងថា «សម័យបច្ចុប្បន្ន បងប្អូនកម្មករ-កម្មការិនីយើងសម្រាប់ការលេងហ្វេសប៊ុក ស្ទើរតែ ១០០ភាគរយទៅហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ថ្ងៃនេះ រោងចក្រ មេតថេក បានរៀបចំសម្ភោធ បណ្ណាល័យធនធាន ដែលឧបត្ថម្ភសាងសង់ដោយអង្គការស៊ីប៉ា មានសៀវភៅជាច្រើនប្រភេទ និងជាច្រើនក្បាល សម្រាប់ទុកជូនបងប្អូនកម្មករ-កម្មការិនីយើងអានសិក្សាស្រាវជ្រាវ ដើម្បីស្រូបយកចំណេះដឹង សម្រាប់ជាប្រយោជន៍ក្រុមគ្រួសារផង និងធ្វើជាប្រយោជន៍ដល់សង្គមជាតិផង។ ដូច្នេះជាទម្លាប់របស់បងប្អូនកម្មការិនីយើង ដែលពីមុនភាគច្រើនចំណាយពេលវេលា លេងហ្វេសប៊ុក សូមងាកមកចំណាយពេលវេលាឱ្យបានច្រើន ក្នុងការជ្រើសរើសសៀវភៅយកទៅអានដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ជាជាង ការលេងហ្វេសប៊ុកមិនចំគោលដៅនាំឲ្យខាត ពេលឥតប្រយោជន៍»។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនកម្មករកម្មការិនីទាំងអស់សូមថែទាំសុខភាព តាមការរស់នៅឱ្យមានអនាម័យ និងការធ្វើដំណើរសូមឲ្យគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពជាប្រចាំក្នុងករណីបើកបរម៉ូតូ ហើយសូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន៕