សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញចុះជួបជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ


រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកចៅសង្កាត់ប្រទះឡាង បានរាយការណ៍ឲ្យដឹងអំពីសភាពការណ៍រួមក្នុងសង្កាត់ទាំងមូល និងសភាពការណ៍ នៃការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
សម្ដេចបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលសង្កាត់សម្រេចបានលើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការងារបង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ សម្ដេចសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានបន្តខិតខំជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញាក់រលឹកទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំមូលដ្ឋានថ្មី ដែលល្អ មានសមត្ថភាព មានគុណភាព និងមានបទពិសោធន៍ការងារ ឲ្យកាន់អំណាចបម្រើប្រជាជនរយៈពេល៥ឆ្នាំទៅមុខទៀត៕