រដ្ឋសភាកម្ពុជា បង្ហាញការព្រួយបារម្ភរបស់ពលដ្ឋជុំវិញជម្លោះនៅមជ្ឈឹមបូព៌ា ជាពិសេសជម្លោះអ៉ីរ៉ាក់ និងអាមេរិក ដែលកំពុងមានភាពតាងតឹង ក្នុងកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ APPF នៅអូស្រ្តាលី


(អូស្ត្រាលី)៖ ឯកឧត្តម ឈាង វុន សមាជិករដ្ឋសភានិងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ និងសន្តិសុខនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៨ នាវិមានរដ្ឋសភាអូស្រ្តាលី នាទីក្រុងកង់បេរ៉ា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។

សភាអូស្រ្តាលីកំពុងរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ ក្រោមមូលបទ «ភាពដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់» ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ សភាក្នុងការដោះស្រាយបញ្ហារួម ក្នុងវិស័យសន្តិសុខ នយោបាយ បរិស្ថាន សេដ្ឋកិច្ច។ កិច្ចប្រជុំគណៈកម្មាធិការនយោបាយ និងសន្តិសុខ បានពិភាក្សា ផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤ ដែលផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការសភា។ ការប្រយុទ្ធប្រឆាំងនិងអំពើភេរវកម្ម និងភាពជ្រុលនិយមនៅក្នុងតំបន់។

ឯកឧត្តម ឈាង វុន ដែលចូលរួមនៅក្នុងកិច្ចប្រជុំ បានលើកឡើង ពីការព្រួយបារម្ភរបស់ពលដ្ឋ ជាទូទៅជុំវិញជម្លោះនៅមជ្ឈឹមបូព៌ា ជាពិសេសជម្លោះអ៉ីរ៉ាក់ និងអាមេរិក ដែលកំពុងមានភាពតាងតឹង។ ក្នុងពេលបញ្ហាជាច្រើនបានកំពុងកើតមានឡើងនោះ ការជំរុញនិងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការគ្នា ជាកត្តាសំខាន់។ កម្ពុជាប្រកាន់គោលជំហពហុនិយម និងប្រឆំាងចំពោះអំពើហិង្សាជ្រុលនិយម ដែលបង្កអសន្តិសុខដល់សង្គមជាតិ។

រដ្ឋសភាកម្ពុជាកំពុងលើកកម្ពស់វិស័យការទូត និងភាពជាដៃគូសភា និងបានអនុម័តច្បាប់ក្នុងការប្រយុទ្ធប្រឆំាងអំពើភេរវកម្មនានា។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក «The Asia Pacific Parliamentary Forum» ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់និងសកលលោក។

អង្គការសភាមួយនេះ មានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ។

ក្នុងការដំណើរការកិច្ចប្រជុំពេញ រយៈពេលពីរថ្ងៃមកនេះ APPF លើកទី២៨ បានបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការស្រ្តី ដែលបានពិភាក្សាលើសេចក្តីសម្រេចចំនួន៣។ នៅព្រឹកនេះប្រជុំគណៈកម្មាធិការនយោបាយ ហើយពេលរសៀលនឹងប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ហើយបន្តបន្ទាប់ ត្រូវប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចប្រជុំគណៈកម្មាធិការសេចក្តីប្រកាសរួមជាដើម៕