លោកជំទាវ និន សាផុន បានដឹកនាំ​ សមាជិក​ សមាជិកាគណៈកម្មការចុះបំពេញបេសកកម្ម នៅខេត្តស្ទឹងត្រែង


លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានដឹកនាំ​ សមាជិក​ សមាជិកាគណៈកម្មការចុះបំពេញបេសកកម្ម នៅខេត្តស្ទឹងត្រែង នៅថ្ងៃពុធ​ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

នៅក្នុងឱកាសចុះបំពេញបេសកកម្មនៅខេត្តស្ទឹងត្រែង​ គណៈប្រតិភូគណៈកម្មការទី៩​ នៃរដ្ឋសភា​ បានជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយ​ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ព្រមទាំងអស់លោក លោកស្រី​ ជាប្រធានមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការទី៩នៃរដ្ឋសភា នៅក្នុងសាលប្រជុំសាលាខេត្តខេត្តស្ទឹងត្រែង។

គោលបំណងនៃការចុះបំពេញបេសកកម្មនេះ​ គឺដេីម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តច្បាប់ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។​ ទន្ទឹមនឹងនេះ​ លោកជំទាវ​ ក៏បានជម្រាបជូនអំពីតួនាទីភារកិច្ចរបស់រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិដែលមានភារកិច្ចស្នូល៣គឺ ភាពជាតំណាងរបស់ពលរដ្ឋ ការងារនីតិកម្ម និងឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។