រោងទងខាងលិច ឈៀងខាងជើងប្រាសាទបន្ទាយឆ្មារ ត្រូវបានបិទការដ្ឋានជួសជុល និងកាត់ខ្សែបូ ដាក់ឱ្យភ្ញៀវទេសចរណ៍បានចូលទស្សនា


នារសៀលថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទការដ្ឋានអភិរក្ស និងជួសជុលរោងទងខាងលិច ឈៀងខាងជើងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ លោកជំទាវ នួម សុភ័ណ តំណាង រាស្រ្តមណ្ឌលបន្ទាយមានជ័យ និងលោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារអភិរក្ស និងជួសជុល រដ្ឋបាលស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការងារជួសជុលរោងទងខាងលិច ឬរោងទងទីបីនេះ បានចាប់ដំណើរការពីខែមីនា ហើយបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៩ ដែលគ្រប់គ្រងបច្ចេកទេសជួសជុលដោយមន្រ្តីជំនាញនាយកដ្ឋានគាំពារ និងមន្រ្តី អាជ្ញាធរជាតិអប្សរា ដោយមានបងប្អូនក្នុងភូមិបន្ទាយឆ្មារចូលរួមចំណែកកម្លាំងពលកម្មចំនួន ១០០នាក់។ ការ ដ្ឋានអភិរក្ស និងជួសជុលរោងទងទីបីនេះ បានការឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលចំណាយថវិកាអស់ចំនួន ៦៧២,៨៩៧.៥០ ដុល្លារសហរដ្ឋអាមេរិក។ នេះ គឺជាសមិទ្ធិផលដ៏ ធំធេងដែលសម្រេចបាន ក្នុងការធ្វើឱ្យជញ្ជាំងរោងទង ដែលដួលរលំស្ទើរទាំងអស់ អាចឈរឡើងមានរូបរាង ដូចដើមវិញបាន។