ឯកឧត្តម ម៉ៅ ភិរុណ សន្យាធ្វើពិធីអបអរសាទរឲ្យឱឡារិក ដែលក្រុងតាខ្មៅជាប់ជយលាភីទីក្រុងស្អាតអាស៊ានលើកទី២


(ព្រុយណេ)៖ ក្រោយការចូលរួមប្រកួតប្រជែង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល បានទទួលជយលាភីទីក្រុងស្អាតអាស៊ានជាលើកទី២ ហើយឯកឧត្តមអភិបាលខេត្ត ម៉ៅ ភិរុណ បានសន្យាថានឹងរៀបចំពិធីអបអរសាទរឲ្យបានឱឡារិកចំពោះកិត្តិយសដ៏ធំធេងនេះ។

ពិធីប្រគល់ពានរង្វាន់នេះ ធ្វើឡើងនាល្ងាចថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២០ នៅរដ្ឋធានីបង់ដាសិរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម។

ស្ថិតនៅក្នុងកម្មវិធីនេះ ឯកឧត្តម ម៉ៅ ភិរុណ បានឡើងលើវេទិកាដើម្បីទទួលយកពានរង្វាន់ទីក្រុងស្អាតអាស៊ាននេះ ក្រោមការសាទរយ៉ាងអនេកពីភ្ញៀវ​មកពីប្រទេសក្នុងតំបន់​អាស៊ានរាប់ពាន់នាក់ ។

ឯកឧត្តមអភិបាលខេត្តបានប្រាប់ថា គណៈកម្មការមានការសិក្សាមើលទៅលើលក្ខន្តិកៈច្រើនចំណុច ខណៈក្រុងតាខ្មៅធ្វើបានល្អនៃចំណុចដែលគេចង់បាន ទើបក្នុងចំណោម​ទីក្រុង​ធំៗនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្រុងតាខ្មៅទទួលបានបានពានរង្វាន់ជយលាភីទីក្រុងស្អាតអាស៊ាននេះ ដែលមានសុពលភាព ២០២០-២០២២។

ឯកឧត្តមអភិបាលខេត្តបន្តថា ពេលត្រលប់ទៅកម្ពុជាវិញ រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំកម្មវិធីអបអរសាទរយ៉ាងឱឡារឹក ដើម្បីអបអរសាទរដែលក្រុងតាខ្មៅទទួល​បានជយលាភីយ៉ាងត្រចះត្រចង់។

គួរជម្រាបថា ដើម្បីទទួលបានពានរង្វាន់ក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន គឺគ្រប់សង្កាត់ទាំង១០ក្នុងក្រុងតាខ្មៅ បានចូលរួមរៀបចំ និងសំអាតបរិស្ថានឲ្យស្របតាមសូចនាករគោល ៧ សូចនាករលម្អិត ២៨ និងលក្ខណៈវិនិច្ឆ័យចំនួន ១០៨ នៃស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

សូមរម្លឹកថា ក្នុងចំណោមប្រទេសក្នុងអាស៊ានមាន ៦ទីក្រុង ដែលត្រូវបានដាក់បញ្ចូលឲ្យប្រកួតប្រណាំងទីក្រុងទេសចរណ៍អាស៊ាន៕