ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ទទួលស្លាកវេទិកាទេសចរណ៍អាស៊ាន ដើម្បីបន្តធ្វើជាម្ចាស់ផ្ទះនៅដើមឆ្នាំ២០២១


(ព្រុយណេ)៖ នាពិធីបិទវេទិកាទេសចរណ៍អាស៊ាន២០២០ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅប្រទេសព្រុយណេ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងជាអនុប្រធាននៃកិច្ចប្រជុំផងដែរនោះ បានទទួលស្លាកវេទិកាទេសចរណ៍អាស៊ាន (ATF) ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះបន្តនៅដើមឆ្នាំ២០២១ ដែលគ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧-២៣ ខែមករា ឆ្នាំ២០២១ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ (ASEAN – A Community of Peace and Shared Future)”។

ប្រធានបទនេះត្រូវបានទទួលការគាំទ្រពីប្រទេសសមាជិកអាស៊ានទាំងអស់ និងបានគូសបញ្ជាក់ថាវិស័យទេសចរណ៍មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ តែក៏ជាកាតាលិករក្នុងជំរុញវិបុលភាពសម្រាប់អនាគតរីកចម្រើនរួមគ្នា។

ក្នុងសេចក្ដីថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពី ការត្រៀមរៀបចំខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការរៀបចំវេទិកានេះ ដោយគូសបញ្ជាក់ថា កម្ពុជាមានបទពិសោធន៍ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះចំនួន០២លើករួចមកហើយកាលពីឆ្នាំ២០០៣ និងឆ្នាំ២០១១។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់សន្តិភាព ប្រទេសកម្ពុជាបានទទួលការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិរៀបចំព្រឹត្តិការណ៍ធំៗ ជាច្រើននាពេលកន្លងមក ហើយពេលខាងមុខនេះកម្ពុជានឹងមានព្រឹត្តិការណ៍ពិភពលោកមួយចំនួនដូចជា៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅចុងឆ្នាំ២០២០ សន្និសីទអន្តរជាតិលើកទី៣ ស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្រ្តដោយសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) នៅចុងឆ្នាំ២០២១ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ ស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត៕