កូនត្រី ៣ប្រភេទ ចំនួន ៥០.០០០កូន ត្រូវបានរៀបចំពិធីប្រលែងចូលទំនប់៥កុម្ភៈ ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម


ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំល្វាលើ បានអញ្ជើញប្រលែងកូនត្រី ៣ប្រភេទរួមមានប្រភេទត្រី ឆ្ពិន ត្រីកាបស និងត្រីព្រលូង ចំនួន ៥០.០០០កូន នៅក្នុងទំនប់៥កុម្ភៈ ស្ថិតក្នុង ឃុំស្វាយទាប និងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ នេះ។

មានប្រសាសន៍ក្នុងឱកាសប្រលែងកូនត្រីនោះដែរ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំល្វាលើ បានលើកឡើងថា នាក្នុងអំឡុងខែតុលាកន្លងមកថ្មីៗនេះ ក្រុមការងាររបស់ឯកឧត្តមបានធ្វើសកម្មភាពប្រលែងកូនត្រីម្តងរួចមកហើយដែលក្នុងការប្រលែងនោះ មានចំនួន ២ម៉ឺនកូន ដែលជាប្រភេទត្រីប្រា និងប្រភេទត្រីផ្សេងៗទៀត ហើយជាលទ្ធផលយើងឃើញថាត្រីដែលបានប្រលែងនោះមានទំហំធំល្មមសម្រាប់ធ្វើការនេសាទផងដែរ។

មានប្រសាសន៍បន្ថែមទៀតនោះ ឯកឧត្តម សុក ផេង បានលើកឡើងថា ការប្រលែងកូនត្រីជាលើកទី២នេះគឺ ក្នុងគោលបំណងដើម្បីរក្សាឱ្យបាននូវពូជត្រីសម្រាប់អោយបងប្អូនប្រជាពលរដ្ឋក្និងឃុំទាំងពីរបានធ្វើការនេសាទសម្រាប់ចិញ្ចឹមជីវិត និងទុកជាពូជដើម្បីបង្កើនជាកូនត្រីអោយបានច្រើនក្នុងទំនប់៥កុម្ភៈនេះផងដែរ។

ឯកឧត្តម សុក ផេង បានធ្វើការផ្តាំផ្ញើដល់បងប្អូន ប្រជានេសាទត្រូវប្រើឧបករណ៍នេសាទអោយត្រឹមត្រូវតាមច្បាប់ និងបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមរក្សានូវជម្រកត្រីទាំងនេះ ជាពិសេសត្រូវបង្ក្រាបអោយបាននូវបទល្មើសនេសាទដែលខុសពីច្បាប់បានចែង ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកូនត្រីទាំងនោះ ផងដែរ ។