កម្ពុជា-កូរ៉េ បន្ដរួមគ្នាជំរុញលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា តាមរយៈសាងសង់អគារមន្ទីរពេទ្យ និងការបណ្ដុះបណ្ដាលធនធានមនុស្ស


ក្នុងឱកាសទទួល និងចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ រវាង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជា លោក ផាក ហ៊ឹងក្យង់ និង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ភាគីទាំងពីរ បានជំរុញកិច្ចសហប្រតិបត្ដិការរវាងគ្នាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត លើការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

ជំនួបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នាទីស្ដីការក្រសួង។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលបានអនុញ្ញាត និងផ្ដល់ឱកាសក្នុងការសម្ដែងការគួរសមនៅពេលនេះ។ ជាពិសេសសម្ដែងការសប្បាយរីករាយ ដោយកន្លងមកនេះ ក្រសួងសុខាភិបាលកម្ពុជា បានផ្ដល់កិច្ចសហប្រតិបត្ដិការអភិវឌ្ឍដ៏ល្អរវាងប្រទេសទាំងពីរ ដោយក្នុងនោះ កម្ពុជាជាប្រទេសទី២ ដែលកូរ៉េចាត់ទុកថា ជាកិច្ចសហប្រតិបត្ដិការដ៏ល្អបំផុតលើគ្រប់វិស័យ រួមទាំងលើវិស័យសុខាភិបាលផងដែរ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជា លោក ផាក ហ៊ឹងក្យង់ បានថ្លែងបន្ដថា កូរ៉េនឹងមានគម្រោងផ្សេងៗទៀត ក្នុងចំណោមគម្រោងដែលមានស្រាប់ និងកំពុងតែអនុវត្ដនៅពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានជំរុញពន្លឿនដល់ការសាងសង់មន្ទីរពេទ្យរបស់ វិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងការកសាងអគារមន្ទីរពេទ្យព្រះអង្គឌួងបន្ថែមទៀត ដើម្បីយកប្រើប្រាស់ជាគុណប្រយោជន៍ជូនប្រជាពលរដ្ឋយើង ដើម្បីជួយផ្ដល់នូវសេវា ត្រចៀក ច្រមុះ បំពង់ករ។

លើសពីនោះ ការផ្ដល់សេវាថែទាំ មាតា និងទារក ដែលជាផ្នែកគាំពារមាតា និងទារក ឱ្យកាន់តែមានសក្ដានុពលថែមទៀត ដើម្បីឱ្យស្ដ្រី និងកុមារ មានលទ្ធភាពទទួលបាននូវសេវានេះឱ្យកាន់តែល្អបន្ថែមទៀត។

ជាពិសេស បន្ដជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាលបន្ថែមទៀត និងការបញ្ជូននិស្សិតពេទ្យនៅកម្ពុជា ឱ្យទៅសិក្សានៅកូរ៉េ ដើម្បីមានឯកទេសច្បាស់លាស់ បម្រើការងារជូនប្រជាពលរដ្ឋពេលត្រលប់មកវិញ។

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បន្ដថា នេះគឺស្របទៅតាមគោលនយោបាយ ដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានយកចិត្ដទុកដាក់ខ្ពស់ និងធ្វើយ៉ាងណាអភិវឌ្ឍវិស័យសុខាភិបាលនេះ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតប ភាគីកូរ៉េ បានឯកភាព នឹងជំរុញឱ្យនីតិវិធីផ្សេងៗក្នុងការដំណើរការសាងសង់មន្ទីរពេទ្យរបស់ វិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងអគារមន្ទីរពេទ្យព្រះអង្គឌួង រួមទាំងដំណើរការការងារមួយចំនួន ឱ្យទទួលបានជាផ្លែផ្កាក្នុងពេលឆាប់ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្ដែងការនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនកូរ៉េ ដែលកន្លងមកជួយគាំទ្រ នៅក្នុងកិច្ចសហប្រតិបត្ដិការជាច្រើន លើការជួយកសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដជាច្រើន ដល់ក្រសួងសុខាភិបាលកម្ពុជា ដែលបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្ដិការដ៏ល្អរបស់ភាគីទាំងពីរ ជាពិសេស ការសម្រេចឱ្យបានកជាផ្លែផ្កាជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នាផងដែរឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានបង្ហាញបន្ថែមទៀត ពីកិច្ចសហប្រតិបត្ដិការ និងវឌ្ឍនៈភាពនៃវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេស រវាងកិច្ចសហប្រតិបត្ដិការរវាងភាគីទាំងពីរ ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនជាមួយ KOICA និងKOFIH។

បច្ចុប្បន្ន KOFIH ជួយសាងសង់អគារមន្ទីរពេទ្យនៅខេត្ដពោធិ៍សាត់ ដែលនឹងអាចរួចជាស្ថានពរនៅមេសា ឆ្នាំ២០២០ខាងមុខនេះ ដែលពេលនេះការសាងសង់បានជាង៧០%ហើយ គ្រោងចំណាយទឹកប្រាក់ជាងកន្លះលានដុល្លារ (ជាង៥០ម៉ឺនដុល្លារ) ហើយអគារនេះ នឹងប្រើប្រាស់សម្រាប់ថែទាំសុខាភាពមាតា និងទារក ជាពិសេស ផ្នែកសង្គ្រោះបន្ទាន់ ទៅដល់ទារកទើបនឹងកើត។ ក្នុងនោះក៏មានការរៀបចំឱ្យមានការពង្រឹងផ្ដល់សេវាថែទំាសុខភាពមាតា និងគម្រោងផ្សេងៗទៀត៕