នៅព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ បច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នឹងរៀបចំធ្វើសន្នីសីទសារព័ត៌មានលើប្រធានបទ ស្តីពី «វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី»។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទនេះមានទិសដៅ និងគោលបំណង ដើម្បីបង្ហាញជូនសាធារណជនឲ្យបានដឹង និងបានយល់ពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងសុខាភិបាល ក្នុងកិច្ចបម្រើរាស្ត្រឈានទៅការទាញយកបាននូវការជឿទុកចិត្ត និងចូលរួមគាំទ្រ ទាំងស្រុងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សន្និសីទនេះ ក៏មានបំណងបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុខភាពពីជំងឺឆ្លងនេះ។

សម្រាប់វាគ្មិនដែលនឹងចូលរួមក្នុងសន្និសីទនេះ គឺលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល៕