អភិបាលខេត្តកំពង់ចាម បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ចូលរួមទប់ស្កាត់ នូវរាល់បទល្មើសខុសច្បាប់ផ្សេងៗ ជាពិសេស ការចូលរួមគោរពច្បាប់ចរាចរ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន ចូលរួមទប់ស្កាត់ នូវរាល់បទល្មើសខុសច្បាប់ផ្សេងៗ ជាពិសេស ការចូលរួមគោរព្ធច្បាប់ចរាចរ ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ប្រគល់ផ្ទះអំណោយសប្បុរសធម៌ ដែលចំណាយទឹកប្រាក់សរុប ចំនួន ៨.៨០០.០០០រៀល ជូនប្រជាពលរដ្ឋទីទ័លក្រ ជីវភាពខ្វះខាត ០១គ្រួសារ នៅភូមិស្ពានថ្មី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាអំណោយ ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមហ៊ុន NCX Co,LTD តាមរយៈ ហាងលក់ម៉ូតូ ហុងដា គីម ហេង ក្រុងកំពង់ចាម ព្រឹកថ្ងៃ២៣ ខែមករា ឆ្នាំ២០២០ នេះ ។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជាកំពុងទទួលបានសន្តិភាពពេញបរិបូរណ៍ ដែលយើងទាំងអស់គ្នា កំពុងថ្លែងអំណរគុណ និងដឹងគុណ ដល់សន្តិភាព ។ សន្តិភាព ធ្វើឲ្យប្រទេជាតិ មានការរីកចំរើន លើគ្រប់វិស័យ ។ យ៉ាងណាម៉ិញ យើងមានផ្លូវ មានស្ពានល្អ សម្រាប់ប្រើប្រាស់ហើយ ចាំបាច់ណាស់សូមបងប្អូនប្រជាពលរដ្ឋ ណែនាំដល់កូនចៅ ធ្វើដំណើរ និងបើកបរ ដោយប្រុងប្រយ័ត្ន កុំឲ្យយើងគ្រោះថ្នាក់ដោយចរាចរណ៍ ធ្វើឲ្យយើងបាត់បង់នូវសមាជិកគ្រួសារ ឬគ្រួសារធ្លាក់ទៅក្នុងភាពក្រីក្រ ។ អញ្ចឹងទេ មានតែការចូលរួម និងការប្រុងប្រយ័ត្នទាំងអស់គ្នាទេ ដែលអាចបញ្ជៀសបាន នូវវិប្បដិសារី ដល់ក្រុមគ្រួសារនោះ ។ ឯកឧត្ដម បន្តថា សព្វថ្ងៃនេះ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងទប់ស្កាត់ កុំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរ តាមរយៈ ការអប់រំផ្សព្វផ្សាយច្បាប់ ដាក់ស្លាកសញ្ញាចរាចរនានា នៅតាមដងផ្លូវ និងការបង្កើននូវវិធានការត្រួតពិនិត្យ ដើម្បី ឲ្យបងប្អូនប្រជាពលរដ្ឋយើង មានការប្រុងប្រយ័ត្នខ្ពស់ និងចេះច្បាប់ចរាចរ ផងដែរ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ ផងដែរថា ការផ្ដល់ជូនផ្ទះ ១ខ្នង ដល់ លោក ប៉ុន ប៊ុនថា នាពេលនេះ គឺដើម្បី ឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជាពិសេស ផ្អែកតាមស្ថានជាក់ស្ដែង ព្រោះថា គាត់គ្មានដី ហើយកំពុងស្នាក់អាស្រ័យ និងការជួយឧបត្ថម្ភពីអ្នកជិតខាងភូមិផង របងជាមួយគ្នា ។ ដោយពិនិត្យឃើញ ការលំបាកទាំងអស់នេះហើយ ទើបបានជាក្រុមការងារ ក៏ដូចជាថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការចូលរួមគាំទ្រ ពីសំណាក់ព្រះតេជគុណគ្រប់ព្រះអង្គ ក៏បានចលនា រហូតឈានដល់មានការចូលរួមឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុនម៉ូតូ ហុងដា សាខា គីម ហេង នៅក្រុងកំពង់ចាម កសាងលំនៅដ្ឋាននេះឡើង ដែលអាចឲ្យ លោក ប៉ុន ប៊ុនថា រស់នៅ និងស្នាក់អាស្រ័យ ជាមួយនឹងកូន បានសមរម្យ ដូចអ្នកដទៃទៀត ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណ ចំពោះ សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការងារសង្គម ដែលបានផ្ដល់នូវផលប្រយោជន៍ យ៉ាងពិតប្រាកដ ដល់ប្រជាពលរដ្ឋក្រីក្រ និងមានតំរូវការចាំបាច់នោះ ។ លើសពីនេះទៅទៀតនោះ សកម្មភាពនេះ ចាត់ទុកថា ជាអំពើមនុស្សធម៌ ដែលបានចូលរួមចំណែក ជាមួយនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នាបច្ចុប្បន្ន ផងដែរ៕