ក្រសួងដែនដី សាងសង់អគារទីស្តីការថ្មីលើដី៣ហិកតា នៅទល់មុខ ហ្គ្រេនភ្នំពេញ ក្នុងខណ្ឌសែនសុខ


ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្តីការក្រសួងថ្មី ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ឬផ្លូវ ជា សុផារ៉ា នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

អគារទីស្តីការក្រសួងថ្មីនេះ សាងសង់លើផ្ទៃដីទំហំ៣ហិកតា មានកម្ពស់ប្រមាណ ៥ជាន់។ អគារនេះមានចំណតរថយន្តប្រមាណ ៤៥០កន្លែង សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្ត្រីបុគ្គលិក និងលម្អសួនកណ្តាលអគារ។ អគារនេះ ក៏មានសាលប្រជុំតូចៗ ដែលអាចដាក់មនុស្សបាន៣០០នាក់, ១៥០នាក់ និងមានសាលសន្និបាតធំដែលអាចដាក់មនុស្សបានរហូតដល់ ១,៥៨៤នាក់។

អគារទីស្តីការក្រសួងថ្មីនេះ ក៏មានកន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ និងកន្លែងលេងកីឡា។ អគារទីស្តីការក្រសួងថ្មីនេះ នឹងត្រូវសាងសង់ឡើងដោយមានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។

សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសម័យតេជោដែលបងា្ហញពីសន្តិភាព ស្ថេរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះ ឱ្យរស់ឡើងវិញ។ អគារនេះ ជាសំណង់របស់រដ្នទុកទៅជំនាន់ក្រោយៗទៀត។ អគារនេះ ត្រូវបានអះអាងថា នឹងចំណាយពេលសាងសង់រយៈពេលប្រមាណមួយឆ្នាំ។

ដោយឡែកអគារទីស្តីការក្រសួងសព្វថ្ងៃ ស្ថិតនៅតាមមហាវិថីព្រះមុនីវង្ស ខណ្ឌចំការមន ត្រូវបានរាជរដ្ឋាភិបាលយកទៅធ្វើជាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីវិញ៕