រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពី វិធានការបង្ការជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មី


(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំបើកកិច្ច ប្រជុំផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពីវិធានការបង្ការជំងឺរលាកសួត បង្កឡើងដោយមេរោគកូរ៉ូណាថ្មី ក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលក្រុង/ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គរភាពជុំវិញខេត្តជាច្រើនរូប។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា ថ្មីៗនេះជំងឺរលាកផ្លូវដង្ហើមដែលបង្ករឡើងដោយមេរោគកូរ៉ូណា ដែលមានភាពឆ្លងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលខ្លី មានជនឆ្លៀតឱកាសមួយចំនួនបានបំប៉ោងព័ត៌មាន ក្នុងសង្គម Facbook ដោយបានបង្ហោះសារក៏ដូចជាសំលេង ដែលមិនមានប្រភពច្បាស់លាស់ ធ្វើឲ្យរំខានដល់សតិ អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ។

លោកជំទាវក៏បានបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក៏ដូចជាអជ្ញាធរដែនដី និងបានគិតគូរសុខទុកអំពីសុខភាពរបស់ប្រជាពលរដ្ឋ អជ្ញាធរពាក់ព័ន្ធទាំងអស់ចុះពិនិត្យ និងទប់ស្កាត់តាមច្រកព្រំដែន ត្រូវរួមគ្នាជាមួយស្ថាប័ន មន្ទីរ អង្គភាពនានា ដែលពាក់ព័ន្ធចុះត្រួតពិនិត្យពីបញ្ហានេះ និងធ្វើការអប់រំណែនាំឱ្យពួកគាត់មានការប្រុងប្រយ័ត្ន ចំពោះជំងឺដ៏កាចសាហាវនេះ ដើម្បីការពារសុខភាពទាំងអស់គ្នា និងចៀសវាងការឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ហេតុដូច្នេះហើយយើងត្រូវធ្វើការណែនាំអប់រំ ឱ្យពួកគាត់មានវិធានការខ្ពស់ ដើម្បីការពារកុំឱ្យមានឆ្លងជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគវីរុសកូរ៉ូណានេះ។

លោកជំទាវ អភិបាលរងខេត្តព្រះវិហារ បានបន្ថែមថាដើម្បីចូលរួមទប់ស្កាត់ការចម្លង់វីរុសកូរ៉ូណាថ្មី ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ត្រូវជៀសវាងប៉ះពាល់ជិតស្និទ្ធ ឫទៅទីផ្សារ ឫកសិកដ្ឋានដែលមានសត្វរស់ ឫសត្វព្រៃ ឫកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ និងត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជាពិសារអាហារដែលចំអិនឆ្អឹនល្អ ជាពិសេសសាច់ និងស៊ុត ។

បន្ថែមពីនេះទៀត លោកជំទាវអភិបាលរងខេត្តក៏បានអំពាវនាវដល់មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវផ្សព្វផ្សាយការអប់រំ សុខភាពដល់ប្រជាពលរដ្ឋ អំពីការទប់ស្កាត់ការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនេះ៕