កិច្ចចរចាធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន បានចាប់ផ្តើមជាមួយលទ្ធផលល្អប្រសើរ


កិច្ចចរចាធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ជុំទីមួយ បានចាប់ផ្តើមហើយនៅសប្តាហ៍កន្លងទៅនេះនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដោយទទួលបានលទ្ធផលល្អប្រសើរច្រើន។ ការចរចាជុំទីពីរគ្រោងធ្វើឡើងនាពេលខាងមុខនេះ នៅក្នុងប្រទេសកម្ពុជាវិញម្តង។

ក្រសួងពាណិជ្ជកម្ម បានប្រកាសឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះថា កិច្ចប្រជុំធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននេះ បានធ្វើនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២០។ ភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ហើយភាគីចិនដឹកនាំដោយលោក វេន ហុងប៊ីន (Ren Hongbin) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។

ក្រសួងពាណិជ្ជកម្ម បានអះអាងថា នៅក្នុងពិធីបើកការចរចាជាផ្លូវការនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងកត់សម្គាល់សារៈសំខាន់នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដែលជាការរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

តាមសេចក្តីជូនដំណឹងនេះ ក្រសួងបានអះអាងថា ឆ្លងកាត់ការចរចារយៈពេលពីរថ្ងៃ ប្រធានក្រុមចរចានៃប្រទេសទាំងពីរ បានកត់សម្គាល់លទ្ធផលជាវិជ្ជមានរបស់ក្រុមការងារចរចាទាំង១០ក្រុម ដោយបានផ្លាស់ប្តូរមតិ និងគោលជំហរទៅវិញទៅមក ព្រមទាំងឯកភាពលើមាត្រាមួយចំនួននៅក្នុងជុំចរចានេះផងដែរ។

ក្រសួងបានគូសបញ្ជាក់ទៀតថា នៅជំហានបន្ទាប់ភាគីទាំងពីរ នឹងជំរុញឱ្យបានកាន់តែឆាប់រហ័សនូវការលើកឡើងចំណុច ឬសំណើផ្សេងៗ តាមក្រុមការងារនីមួយៗ សំដៅឈានទៅរកការឯកភាពលើកិច្ចព្រមព្រៀង ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយនោះ ប្រធានក្រុមចរចានៃប្រទេសទាំងពីរ បានឯកភាពជំរុញកិច្ចពិគ្រោះយោបល់ និងសម្របសម្រួលក្នុងប្រទេសរៀងៗខ្លួន ឱ្យបានមុនជុំទីពីរនៃការចរចា ដែលគ្រោងនឹងធ្វើនៅប្រទេសកម្ពុជា ក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣តាមការកំណត់៕