សម្តេចតេ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ


នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ នៅវិមានរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសឡាវ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។

ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃនេះ ចាប់ពីថ្ងៃទី២៣-២៥ ខែមករានេះ ឯកឧត្តម សាលើមសៃ គុំ ម៉ាស៊ីត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ បន្ទាប់មកនឹងមានការជួបសំណេះសំណាលការងារជាមួយរដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន។

បើតាមសេចក្តីជូនព័ត៌មានក្រសួងការបរទេសកម្ពុជា បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ច ឯកឧត្តម សាលើមសៃ គុំ ម៉ាស៊ីត ក៏នឹងចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ជាមួយទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម វ៉ា គឹមហុង ហើយនៅចុងបញ្ចប់នៃកិច្ចប្រជុំភាគីទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ។